លីគបាល់ទាត់នារីកម្ពុជា២០២០កើនប្រាក់រង្វាន់ច្រើនជាង២០១៩

Sovann Tith
7 មើល
0 នាទីអាន
- Advertisement -

ការប្រកួតលីគនារីឆ្នាំ២០២០មានប្រាក់រង្វាន់ច្រើនជាងឆ្នាំ២០១៩ ពោលក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់១២លានរៀល, ក្រុមលេខពីរបាន៦លានរៀល និងក្រុមលេខ៣បាន៤លាន។ កាលឆ្នាំ២០១៩ ក្រុមជើងឯកដែលកាលណោះបានលើខេត្តស្វាយរៀងទទួលបានត្រឹម៥លានរៀលប៉ុណ្ណោះ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យដឹងថាការកើនប្រាក់រង្វាន់ដោយសារតែឆ្នាំ២០២០នេះមានការរៀបចំទៅតាមស្តង់ដារសហព័ន្ធបាល់ទាត់ពិភពលោក ដូច្នេះទើបអាចទទួលបានការចូលរួមឧបត្ថម្ភជ្រោមជ្រែងពី FIFA។

លោក កែវ សារ៉េត ពន្យល់ “៖ពីមុនមកដោយសារយើងអត់គ្រប់លក្ខខណ្ឌទេ ដោយមិនគ្រប់១០ក្រុម ត្រូវប្រកួត៦ខែ យ៉ាងហោចមាន១០ក្រុមចូលរួម និង៩០ប្រកួត។ ឆ្នាំ២០១៩ យើងមានក្រុមតិចតួច មានក្មេងលាយចាស់ ចាស់លាយក្មេងអ៊ីចឹងទៅ។”

កាលឆ្នាំ២០១៩ មាន៩ក្រុមចូលរួម ដោយបែងចែកជាពីរពូល ប្រព្រឹត្តទៅតែ១២ថ្ងៃប៉ុណ្ណោះ ហើយជើងឯកបានទៅលើក្រុមខេត្តស្វាយរៀង។

នៅឆ្នាំ២០២០នេះ ក្រុមបាល់ទាត់ចូលរួមលីគនារីមាន១០ក្រុម គឺភ្នំពេញក្រោន, សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ, បឹងកេត, ព្រះខ័នរាជស្វាយរៀង, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កណ្ដាល និងកំពង់ឆ្នាំង។ កាលបរិច្ឆេទប្រកួតនឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។

ជាមួយគ្នានេះ អ្នកស្រី ពុធ ធីតា អនុប្រធានគណៈកម្មការបាល់ទាត់នារីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា លីគបាល់ទាត់នារីធ្វើឡើងក្រោមគោលបំណងធំៗ៣យ៉ាង គឺចម្រាញ់កីឡាការិនីល្អៗត្រៀមស៊ីហ្គេម ២០២១, ទៅហ្វឹកហាត់នៅប្រទេសចិន និងត្រៀមស៊ីហ្គេម២០២៣៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕