ក្រុមបាល់ទាត់នារី Lyon ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប៥ឆ្នាំចុងក្រោយជាប់គ្នា បានធ្លាក់ពីពាន UEFA Women’s Champions League ក្រោមថ្វីជើង Paris St Germain ក្នុងវគ្គ៨ក្រុមចុងក្រោយ។
បន្ទាប់ពីឈ្នះ១-០ក្នុងជើងទី១នៅក្រៅទឹកដី Lyon បានបង្កើនការនាំមុខក្នុងជើងទី២នៅទឹកដីខ្លួនឯងតាមរយៈគ្រាប់បាល់បើកឆាករបស់ Catarina Macario។ ប៉ុន្តែ PSG វាយបក២គ្រាប់វិញដោយ Grace Geyoro និងបាល់ចូលទីខ្លួនឯងរបស់ Wendie Renard។ គ្រាប់បាល់សរុបទាំង២ជើងស្មើគ្នា២ទល់២ តែ PSG ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយរូបមន្តគ្រាប់បាល់ក្រៅផ្ទះ (Away-goal)។
នេះជាបរាជ័យទើបតែលើកទី២ប៉ុណ្ណោះសម្រាប់ក្រុមនារី Lyon ក្នុង២៣ប្រកួតរដូវកាលនេះ។
ចំណែក PSG ពេលនេះពួកគេបន្តរក្សាក្ដីសង្ឃឹមឈ្នះ Champions League នារីជាលើកដំបូង។ ពួកគេនឹងប៉ះ Barcelona ក្នុងវគ្គ៤ក្រុមចុងក្រោយ ខណៈ Chelsea ប៉ះ Bayern Munich។ ជើងទី១នឹងធ្វើនៅថ្ងៃទី២៤&២៥មេសា និងជើងទី២នៅថ្ងៃទី១&២ឧសភា៕