អតីតប្រធានក្រុមបិសាចក្រហម លោក Gary Neville ហៅមហាសេដ្ឋីអាមេរិកត្រកូល Glazer ដែលជាម្ចាស់ក្លិប Manchester United ថាជា«សត្វចចក» ចំពោះការដើរតួនាទីរបស់ពួកគេក្នុងការរួមចំណែកបង្កើតពាន European Super League និងនិយាយថាពួកគេគួរតែត្រូវបានបណ្ដេញចេញពីក្លិបនិងប្រទេសអង់គ្លេស។
Man Utd ស្ថិតក្នុងចំណោមក្លិបទាំង១២ដែលបានរួមគ្នាប្រកាសការបង្កើតពាន ESL កាលពីថ្ងៃអាទិត្យទី១៨ខែមេសាឆ្នាំ២០២១ ដោយក្នុងនោះមានសហម្ចាស់ក្លិបបិសាចក្រហម លោក Joel Glazer ជាអនុប្រធាន ESL ខណៈប្រធានក្លិប Real Madrid លោក Florentino Perez ជាប្រធាន។
កាលគ្រួសារត្រកូល Glazer ទិញក្លិប Man Utd ក្នុងឆ្នាំ២០០៥ លោក Gary នៅជាកីឡាករក្លិបនេះនៅឡើយ។
សព្វថ្ងៃជាអ្នកវិភាគមួយរូប លោក Gary បានលើកឡើងក្នុងកម្មវិធី Monday Night Football ថាគួរតែមានការផ្លាស់ប្ដូររបបដឹកនាំក្នុងក្លិប Man Utd។
លោកនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាចូលដៃចូលជើងបន្តិចដែរ(ជាមួយគ្រួសារ Glazer) ដោយសារតែខ្ញុំបាននៅស្ងៀមស្ងាត់មិននិយាយពីពួកគេអស់ពេលជាច្រើនឆ្នាំ។ ខ្ញុំបានធ្វើដូច្នេះព្រោះខ្ញុំបានគិតថានៅពេលក្លិបប្រែក្លាយជាក្រុមហ៊ុន Plc អ្នកបានដឹងខ្លួនទៅហើយថាថ្ងៃណាមួយនឹងមានគេទិញយក។ វាហួសដែនសមត្ថកិច្ចរបស់កីឡាករ អ្នកគាំទ្រ និងគ្រប់គ្នា»។
លោកបន្តថា៖ «ខ្ញុំជឿជាក់លើទីផ្សារសេរី ហើយខ្ញុំតែងតែគិតថា[តើអ្វីជាចម្លើយចំពោះគ្រួសារ Glazer? នរណានឹងយកពួកគេចេញ? រុស្ស៊ី, ចិន ឬយកលុយរដ្ឋ២ទៅ៣ពាន់លានផោនទៅទិញក្លិបមកវិញ?] ខ្ញុំនៅស្ងៀមស្ងាត់ដោយឈរលើមូលដ្ឋានថាវានៅតែជាក្រុម Manchester United, អ្នកនៅតែអាចមើលក្មេងៗលេងបាន, ខ្ញុំអាចសប្បាយចិត្តនិងកើតទុក្ខ, ខ្ញុំនៅតែអាចមើលបាល់ទាត់ក្នុងប្រទេសនេះ, ខ្ញុំអាចរស់នៅជាមួយស្ថានភាពបែបនេះបាន។ ប៉ុន្តែអ្វីដែលខ្ញុំមិនអាចរស់នៅជាមួយបានគឺការវាយប្រហារលើអ្នកគាំទ្របាល់ទាត់គ្រប់រូបក្នុងប្រទេសនេះ»។
អតីតខ្សែការពារស្លាបស្ដាំជម្រើសជាតិអង់គ្លេសដដែលសង្កត់ធ្ងន់ថា៖ «ពួកគេដើរហួសសញ្ញាខណ្ឌ។ ពួកគេជាសត្វចចក (Scavenger) និងត្រូវការបណ្ដេញចេញពីក្លិបបាល់ទាត់មួយនេះនិងបណ្ដេញចេញពីប្រទេសនេះ។ ពួកយើងត្រូវពួតដៃគ្នាជាធ្លុងមួយ។ វាប្រហែលយឺតពេលទៅហើយ។ មានមនុស្សនៅ Manchester United និងអ្នកគាំទ្រកាល១៥ឆ្នាំមុនដែលនឹងនិយាយថាហួសពេលហើយ។ តែវាមិនដែលហួសពេលទេ។ ពួកយើងត្រូវតែបញ្ឈប់សកម្មភាពនេះ។ ពួកយើងត្រូវធ្វើដោយម៉ឺងម៉ាត់»។
«ពួកយើងដឹងថា Manchester United មានលុយច្រើន, Arsenal មានលុយច្រើន, Liverpool មានលុយច្រើន។ ពួកយើងអាចរស់នៅបាន វាតែងតែមានហើយក្លិបកំពូលៗដែលមានលុយច្រើនជាងក្លិបដទៃ។ ប៉ុន្តែពួកគេអាចលេងចាញ់ Sheffield United ឬស្មើជាមួយ Fulham។ តែពួកគេកំពុងលុបបំបាត់ករណីនេះដើម្បីទៅបង្កើតបាល់ទាត់ហ្វ្រ៊ែនឆាយ(franchise)។ មិនបានទេ។ វាមិនអាចកើតឡើងបានទេ»។
ចំណែក វីរបុរស Liverpool លោក Jamie Carragher និយាយថា European Super League នឹងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ធុញទ្រាន់ ហើយអ្នកគាំទ្រទាំងអស់នឹងបាត់បង់ចំណាប់អារម្មណ៍លើកីឡានេះ ដោយសារតែក្រុមដដែលៗប្រកួតគ្នារាល់ឆ្នាំ។
មុនការប្រកួតរវាង Leeds United ទល់ Liverpool ដែលចប់ស្មើគ្នា១-១យប់ថ្ងៃចន្ទទី១៩ខែមេសា អ្នកគាំទ្រ Liverpool បានលើកបដានៅក្រៅកីឡដ្ឋាន Anfield ថា៖ «អ្នកគាំទ្រ LFC ប្រឆាំងនឹងពាន European Super League។ អ្នកមិនចេះខ្មាស់អៀនសោះ។ សូមបានដល់សុគតិភព LFC 1892-2021»។
នៅកីឡដ្ឋាន Elland Road វិញ មានយន្តហោះហោះយួរបដាអក្សរថា៖ «និយាយថាទេចំពោះពាន Super League» ខណៈកីឡាករក្រុមម្ចាស់ផ្ទះបានពាក់អាវមានអក្សរថា៖ «យកកៅអី Champions League» នៅខាងមុខ និង «បាល់ទាត់គឺសម្រាប់អ្នកគាំទ្រ» នៅខ្នងអាវ អំឡុងពេលកម្ដៅសាច់ដុំ។
ខ្សែបម្រើ James Milner របស់ Liverpool ជាកីឡាករទី១ក្នុងចំណោមក្លិបធំទាំង៦របស់អង់គ្លេស ដែលនិយាយជាសាធារណៈអំពីពាន European Super League។ អតីតសមាជិក Leeds United, Newcastle, Man City និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះនិយាយតាមទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំមិនចូលចិត្តពាននេះទេ ហើយខ្ញុំសង្ឃឹមថាវានឹងមិនលេចជារូបរាងទេ»។
ចំណែកអ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយក្នុងសម្ភាសន៍យប់មិញអំពីពាន ESL ថា៖ “ខ្ញុំបានឮជាលើកដំបូងអំពីវាម្សិលមិញ។ ពួកយើងទទួលបានព័ត៌មានខ្លះ តែមិនច្រើនទេ។ វាជាបញ្ហាតានតឹងមួយ មនុស្សម្នាមិនសប្បាយចិត្តនឹងវាទេ ខ្ញុំអាចយល់អារម្មណ៍នេះ។ ខ្ញុំសូមបញ្ជាក់ថាពួកយើងមិនបានពាក់ព័ន្ធក្នុងដំណើរការបង្កើតលីគមួយនេះទេ ទាំងខ្ញុំនិងកីឡាករ។ កីឡាករមិនបានធ្វើអ្វីខុសទេ ក្រៅតែពីលេងមិនឈ្នះគ្រប់ប្រកួត។
ទន្ទឹមនឹងនេះ លោក Klopp អះអាងថាលោកនៅតែរក្សាគំនិតដដែលដូចលោកបាននិយាយក្នុងសម្ភាសន៍លើ Liverpool Echo កាលពី២០១៩ថា៖ ” ខ្ញុំសង្ឃឹមថា Super League នេះនឹងគ្មានថ្ងៃកើតឡើង។ បាល់ទាត់មានផលិតផលអស្ចារ្យស្រាប់ហើយគឺ Champions League។ សូម្បីតែ Europa League ក៏អស្ចារ្យដែរ។ សម្រាប់ខ្ញុំ Champions League ជា Super League ហើយ ដែលអ្នកមិនប៉ះគូប្រកួតដដែលៗគ្រប់ពេលនោះទេ។ ប្រាកដហើយថាលុយសំខាន់ ប៉ុន្តែហេតុអ្វីយើងគួរបង្កើតប្រព័ន្ធមួយដែល Liverpool ប៉ះ Real Madrid ១០ឆ្នាំជាប់គ្នា?”៕
ប្រភព៖ Sky Sports