Skip to content
Perez បកស្រាយ​​ការពារ​​​ការ​បង្កើត​ពាន ESL និង​តបត​ចំពោះ​ប្រធាន UEFA
    ទំព័រដើម  »  កីឡាជាតិ

Perez បកស្រាយ​​ការពារ​​​ការ​បង្កើត​ពាន ESL និង​តបត​ចំពោះ​ប្រធាន UEFA

លោក Florentino Perez ​ប្រធាន​ក្លិប Real Madrid និងជា​ប្រធាន​ European Super League បាន​ចេញ​មុខ​បកស្រាយ​ការពារ​ការ​បង្កើត​ពាន​រង្វាន់​មួយ​នេះ​ថា​​ដើម្បី​«សង្គ្រោះ​បាល់ទាត់» ខណៈ​រង​​ការ​រិះគន់​ដ៏​ខ្លាំង​ពី UEFA, FIFA, សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ, សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស, សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី, La Liga, Premier League, Serie A និង​អ្នក​គាំទ្រ​ បន្ទាប់​ពី​ចេញ​សេចក្ដី​ប្រកាស​កាល​ថ្ងៃ​អាទិត្យ​ទី​១៨​ខែមេសា​ឆ្នាំ​២០២១​។

លោក Perez និយាយ​ថា​៖ «នៅ​ពេល​ខ្ញុំ​និយាយ​ថា​សង្គ្រោះ​បាល់ទាត់ ខ្ញុំ​មានន័យ​ថា​សង្គ្រោះ​គ្រប់​គ្នា ដូច្នេះ​ពួក​​យើង​អាច​រស់​ក្នុង​សន្តិភាព​យ៉ាង​ហោច​២០​ឆ្នាំ​ទៀត​។ ពួក​យើង​ជឿ​ថា​ទម្រង់​នេះ​អាច​សង្គ្រោះ​បាល់ទាត់​ ដូច​​​ពាន European Cup បាន​សង្គ្រោះ​បាល់ទាត់​ក្នុង​ទសវត្សរ៍​១៩៥០​អីចឹង​​។ UEFA បាន​ធ្វើការ​ក្នុង​ទម្រង់​មួយ​ដែល​ទី​១​ខ្ញុំ​មិន​យល់​ ហើយ​ទី​២​វា​មិន​បាន​បង្កើត​ចំណូល​ចំបាច់​ដើម្បី​សង្គ្រោះ​បាល់ទាត់​ទេ»។

តើ​គំនិត​នៃ​ការ​បង្កើត​ពាន ESL លេច​ឡើង​​នៅ​ពេល​ណា?

Super League ត្រូវ​បាន​គេ​និយាយ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ តែ​ទី​បំផុត​វា​​ត្រូវ​បាន​សម្រេច​ចិត្ត​បង្កើត​ឡើង​​នៅ​ក្នុង​កាលៈទេសៈ​រាតដ្បាត​ដោយ​ជំងឺ​អាសន្នរោគ​នេះ​​ដែល​បង្ខំ​ឱ្យ​បាល់ទាត់​លេង​បិទ​ទ្វារ​(គ្មាន​ទស្សនិកជន​​) បណ្ដាល​​ឱ្យ​បាត់​ចំណូល​យ៉ាង​សន្ធឹកសន្ធាប់​។

«ក្លិប​ធំ​ៗ​បំផុត​ក្នុង​ប្រទេស​អង់គ្លេស អ៊ីតាលី និង​អេស្ប៉ាញ ត្រូវ​ស្វែង​រក​ដំណោះស្រាយ​មួយ​ដើម្បី​ដោះស្រាយ​ស្ថានភាព​ដ៏​​សែន​អាក្រក់​ដែល​ពួក​គេ​បានជួប​។ សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប (ECA) និយាយ​ថា​ពួក​គេ​បាន​បាត់បង់​លុយ​៥​ពាន់​លាន​អឺរ៉ូ​។ នៅ Real Madrid ពួក​យើងមាន​កញ្ចប់​ចំណាយ​៨០០​​លាន​អឺរ៉ូ ហើយ​យើង​​បញ្ចប់​​ជាមួយ​ចំណូល​៧០០​លាន​អឺរ៉ូ។ ឆ្នាំ​នេះ កុំ​ថា​ឡើយ​​​ដល់​​ចំណូល​៩០០​លាន ចាំ​មើល​ថា​តើ​ពួក​យើង​បាន​៦០០​លាន​ឬអត់​។ ក្នុង​ពេល​២​​រដូវកាល​ Real Madrid ខាត​បង់​៤០០​លាន​អឺរ៉ូ​»។ លោក Perez និយាយ​​។

លោក​បន្ត​ថា​៖ «នៅ​ពេល​អ្នក​គ្មាន​ចំណូល​អ្វី​ថែម​ក្រៅ​ពី​ចំណូល​ពី​ទូរទស្សន៍ វិធី​ល្អ​បំផុត​ដើម្បី​បង្កើន​ចំណូល​គឺ​ត្រូវ​បង្កើត​ការ​ប្រកួត​ទាក់ទាញ​ជាង​មុន​ដែល​អ្នក​គាំទ្រ​នៅ​ជុំ​វិញ​ពិភពលោក​អាច​មើល​ឃើញ​។ ហេតុ​នេះ ពួក​យើង​បាន​សម្រេច​ថា​ជាជាង​​​លេង​ពាន Champions League ពួក​យើង​នឹង​​ធ្វើ​​ពាន Super League ហើយ​ពួក​យើង​នឹង​អាច​បំពេញ​បាន​វិញទៅ​លើ​​អ្វី​ដែល​យើង​បាន​បាត់បង់។ ការ​ប្រកួត​ជា​ច្រើន​មាន​គុណភាព​អន់​។ Barcelona ប៉ះ Manchester United គឺ​ល្អ​មើល​ជាង​ Manchester United ប៉ះ​ក្រុម​ធម្មតា​ៗ​មួយ​។ តើ​ពិភពលោក​ទាំង​មូល​ចង់​បានអ្វី? ពួក​យើង​មាន​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក ហើយ​នោះ​ជា​អ្វី​ដែល​បង្កើត​លុយ។ ការ​ប្រកួត​​ដទៃ​មិន​បង្កើត​លុយ​ទេ ហើយ​នោះ​លុយ​​គឺ​សម្រាប់​គ្រប់​គ្នា​​»។

តើ​ពាន European Super League នឹង​​ចាប់​ផ្ដើ​​ម​នៅ​ពេល​ណា?

គោល​បំណង​របស់​ក្លិបស្ថាបនិក​​ដំបូង​គេ​​ទាំង​១២​គឺ​ចាប់​ផ្ដើម​ភ្លាម​ៗ​បើ​អាច​ទៅ​រួច ហើយ​មាន​អ្នក​ខ្លះ​​​លើក​ឡើង​ថា​ពាន​នេះ​​អាច​ចាប់​ផ្ដើម​ឆាប់​បំផុត​​​ក្នុង​ខែ​សីហា​​​។

លោក Perez និយាយ​ថា​៖ «ពួក​យើង​នឹង​ព្យាយាម​ចាប់​ផ្ដើម​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពួក​យើង​នឹង​ជជែក​ជាមួយ UEFA និង FIFA។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​ពួក​គេ​ខឹង​ពួក​យើង»។

តបត​ចំពោះ​ការ​ព្រមាន​របស់​ប្រធាន UEFA

លោក Aleksander Ceferin ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​ព្រមាន​ដាក់​បម្រាម​កីឡាករ​ដែលលេង​ឱ្យ​ក្រុម​​ដែល​អាច​លេង​ពាន Super League មិន​ឱ្យ​​ជាប់​ជម្រើស​ជាតិ​ដើម្បី​លេង World Cup និង Euro ទេ​។ លោក​ក៏​បាន​បក​អាក្រាត​ភាព​ក្រឡេចក្រឡុច​របស់​លោក Andrea Agnelli ​ប្រធាន​ក្លិប Juventus និង​លោក Ed Woodward ​អនុប្រធាន​ក្លិប Manchester United ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក Perez និយាយ​ថា​៖ «កីឡាករ​ទាំង​ឡាយ​គួរ​រក្សា​ភាព​ស្ងប់ស្ងៀម ព្រោះ​ការ​គំរាម​ទាំង​នោះ​នឹង​មិន​កើត​ឡើង​ទេ​។ ប៉ុន្តែ​អ្នក​ដែល​បង្កើត​ភាព​ផ្ដាច់មុខ​នៅ UEFA ​ត្រូវ​មាន​តម្លាភាព​។ UEFA មិនមានមុខមាត់​ល្អ​ទេ​។ ពួក​គេ​បាន​បង្ហាញ​ទម្រង់ Champions League ​ថ្មី​ដែល​គ្មាន​នរណា​យល់​ ហើយ​ពួក​គេ​​និយាយ​ថា​ក្នុង​ឆ្នាំ​២០២៤​ទម្រង់​ថ្មី​នឹង​ចាប់​ផ្ដើម​។ ទម្រាំ​ដល់​២០២៤ ពួក​យើង​នឹង​ស្លាប់​អស់​បាត់​ហើយ​។ មាន​ក្លិប​ជា​ច្រើន​ដែល​ខាតបង់​រាប់រយ​លាន​ដុល្លារ​»។

«អ្វី​ដែល​ប្រធាន UEFA ​បាន​និយាយ​ចំពោះ​ Angelli គឺ​ជា​អ្វី​ដែល​គាត់​មិន​អាច​និយាយ​បាន​ទេ​។ គាត់​បាន​ប្រមាថ Agnelli​។ UEFA ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​, ពួក​យើង​មិន​ចង់​បាន​ប្រធាន​ម្នាក់​ដែល​ប្រមាថ​ពួក​យើង​ទេ។ ពួក​យើង​ចង់​បាន​តម្លាភាព​។ ពួក​យើង​ទាំង​អស់​គ្នា​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ដើម្បី​ភាព​ប្រសើរ​ឡើង​។ នឹក​ស្មាន​មិន​ដល់​សោះ​ថា​ក្នុង​​អឺរ៉ុប​ដែល​​ប្រជាធិបតេយ្យ​មាន​អ្នក​និយាយ​សម្ដី​អស់​ទាំង​ហ្នឹង​»៕

ប្រភព៖ Marca