ដោយហេតុក្លិបបាល់ទាត់របស់មីយ៉ាន់ម៉ាចំនួន២បានដកខ្លួនពីពានទ្វីបអាស៊ីឆ្នាំនេះ វិសាខានឹងឆ្លងចូលវគ្គចែកពូលតែម្ដងក្នុងពាន AFC Cup 2021 ដោយពុំបាច់លេងវគ្គ play-off ទល់នឹងក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ីឡើយ ប្រសិនពួកគេលេងឈ្នះ Lanenok United របស់ទីម័រក្នុងវគ្គជម្រុះបឋម។
ដើមឡើយ វិសាខា ដែលជាជើងឯកពានសម្ដេចហ៊ុនសែន២០២០ ត្រូវឆ្លងកាត់វគ្គជម្រុះ២ដំណាក់កាល ទើបអាចឈានចូលវគ្គចែកពូល AFC Cup 2021 បាន។ ដោយពួកគេត្រូវប្រកួតជម្រុះបឋមទល់នឹង Lalenok United នៅថ្ងៃទី១៩ខែឧសភា រួចត្រូវលេង play-off ទល់នឹងក្រុម Persipura Jayapura មួយទៀត មុនដល់វគ្គចែកពូល។
ប៉ុន្តែឥឡូវនេះ ការប្រកួត play-off នោះត្រូវបានលុបចោល ដោយសារក្លិបរបស់មីយ៉ាន់ម៉ាទាំង២ គឺ Shan United និង Hantharwady United បានដកខ្លួនពីពាន AFC ឆ្នាំនេះ។ ហេតុនេះ Persipura Jayapura ត្រូវបានដាក់ចូលក្នុងវគ្គចែកពូលតែម្ដង គឺពូល H ជំនួស Shan United។ ក្រុមដទៃនៅក្នុងពូល H ជាមួយ គឺ Kedah Darul Aman FC (ម៉ាឡេស៊ី), Lion City Sailors FC (សិង្ហបុរី), និង Saigon FC (វៀតណាម)។
ដូច្នេះមានន័យថា អ្នកឈ្នះរវាង វិសាខា និង Lalenok United នឹងឆ្លងចូលវគ្គចែកពូលតែម្ដង ដោយមិនបាច់លេង play-off មួយដំណាក់កាលទៀតនោះទេ។ ហើយពូលដែលរង់ចាំពួកគេគឺ ពូល I ដែលមាន Kaya FC-Illoilo (ហ្វ៊ីលីពីន), Terengganu FC (ម៉ាឡេស៊ី) និង Geylang International (សិង្ហបុរី)។
សម្រាប់ពូល H និង I នេះ សិង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក ពូល G សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនឹងបើកការដេញថ្លៃធ្វើម្ចាស់ផ្ទះជាថ្មី ដោយសារការកែប្រែកាលបរិច្ឆេទប្រកួតសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ពូល G មាន បឹងកេត, Bali United FC (ឥណ្ឌូនេស៊ី), Hanoi FC (វៀតណាម) និងអ្នកឈ្នះវគ្គជម្រុះបឋមរវាងក្លិបឡាវ (FC Chanthabouly) និងក្លិបប្រ៊ុយណេ (Kasuka FC)។ អ្នកឈ្នះរវាង Chanthabouly និង Kasuka ដើមឡើយក៏ត្រូវឆ្លងដំណាក់កាល play-off មួយទៀតដែរមុនដល់វគ្គចែកពូល ប៉ុន្តែដោយសារក្លិបមីយ៉ាន់ម៉ា Hantharwady United ដកខ្លួនពីការប្រកួតដូច្នេះវគ្គ play-off ត្រូវបានលុបចោល។
សូមបញ្ជាក់ថា ពូល H នឹងលេងពីថ្ងៃទី២៩ខែមិថុនាដល់ថ្ងៃទី៥ខែកក្កដា។
ពូល G និងពូល I នឹងលេងពីថ្ងៃទី៣០ខែមិថុនាដល់ថ្ងៃទី៦ខែកក្កដា៕