អ្នកចាំទីបឹងកេតនារី កែម ស្រីលាភ និយាយអ្វីខ្លះ? ក្រោយជាប់ជា MVP ក្នុងការបង្ហាញខ្លួនលើកដំបូង

sok sovanpanha
49 មើល
0 នាទីអាន

អ្នកចាំទីក្រុមបាល់ទាត់បឹងកេតនារី កែម ស្រីលាភ ក្រោយក្រុមចែកគ្នាម្នាក់១ពិន្ទុពីការស្មើគ្នា ២ ទល់នឹង ២ ទល់ក្រុមវិសាខានៃការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ សប្តាហ៍ទី៣ និងក៏ក្លាយជាកីឡាការិនីល្អប្រចាំការប្រកួតនោះផង ដោយអ្នកចាំទីវ័យ ១៩ឆ្នាំរូបនេះបានលើកឡើងថាខ្លួនពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងដែលបានជាប់ជម្រើស១១នាក់ក្នុងការប្រកួតទល់នឹងក្រុមខ្លាំង ពិសេសការជួយរក្សាសង្រ្គោះបាល់គ្រោះៗថ្នាក់ជាច្រើនគ្រាប់ដែលទាញឱ្យខ្លួនជាប់ជា MVP ដូច្នេះ។

ក្នុងនោះ កែម ស្រីលាភ បានសារភាពដោយមិនលាក់លៀមថាមុនការប្រកួតខ្លួនក៏មិនរំពឹងទុកឡើយថាសម្រេចបានបែបនេះ តែអ្នកចាំទីពាក់លេខ២២រូបនេះថាបានការលើកទឹកចិត្តពីគ្រូៗនៅក្នុងក្រុម ពិសេសគឺអ្នកចាំទីដៃទីមួយរបស់ក្រុមនារីបឹងកេតស្រាប់កីឡាការិនី ជុំ សុខលក្ខិណា។ កម្លាំងចិត្តពីមួយប្រកួតនេះ ស្រីលាភ ថានឹងបន្តហ្វឹកហាត់និងបន្តជួយក្រុមរក្សាសំណាញ់ទីក្នុងប្រកួតក្រោយៗទៀតផងដែរ។

ក្រៅតែពីការប្រកួតរវាងក្រុមបឹងកេតនារី និងក្រុមវិសាខានារីបញ្ចប់ទៅក្នុងលទ្ធផល ២ទល់នឹង២ សម្រាប់លទ្ធផល៣ក្រុមផ្សេងក្នុងសប្តាហ៍ទី៣នេះ ដោយក្រុមសៀមរាបនារីរងបរាជ័យ ០ទល់នឹង ១ ក្រោមស្នាដៃក្រុមស្វាយរៀងនារី, ក្រុមខេត្តកណ្តាលនារីរងបរាជ័យធ្ងន់ ០ ទល់ ៨ ពីក្រុមណាហ្គាវើលដ៍នារី, ក្រុមនារីមីស្ទើរលេងចាញ់ ០ ទល់នឹង ៣ ក្រុមភ្នំពេញក្រោននារី៕