ព័រទុយហ្គាល់ជាបេក្ខភាពនាំមុខក្នុងការទទួលការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League 2020-21 រវាង Chelsea និង Manchester City នាថ្ងៃទី២៩ខែឧសភា បន្ទាប់ពី UEFA មិនទទួលបានការធានាចំពោះការលើកលែងពិសេសលើការចង់ឱ្យការប្រកួតធ្វើនៅ Wembley។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបនិងមន្ត្រីរដ្ឋាភិបាលអង់គ្លេស រួមជាមួយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានជួបគ្នាថ្ងៃចន្ទម្សិលមិញដើម្បីពិភាក្សាអំពីការប្ដូរទីតាំងប្រកួតរវាង Chelsea និង Man City ពីអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
UEFA បានសម្រេចចិត្តថានឹងប្ដូរការប្រកួតចេញពីអ៊ីស្តង់ប៊ុល ដោយសារតែទួរគីស្ថិតក្នុងបញ្ជីក្រហមនៃការហាមប្រាមធ្វើដំណើររបស់អង់គ្លេសដើម្បីការពារកូវីដ១៩ ដែលមានន័យថាអ្នកគាំទ្រមិនអាចធ្វើដំណើរទៅទស្សនាផ្ទាល់បាន។ ពលរដ្ឋអង់គ្លេសដែលត្រលប់មកពីប្រទេសក្នុងបញ្ជីក្រហមត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃនៅសណ្ឋាគារដែលរដ្ឋាភិបាលបានអនុម័ត។ ប្រការនេះនឹងប៉ះពាល់ដល់កីឡាករដែលត្រូវត្រៀមលេង Euro 2020 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១១ខែមិថុនា។
ព័រទុយហ្គាល់ស្ថិតក្នុងបញ្ជីបៃតងរបស់អង់គ្លេស ដូច្នេះអ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យទៅចូលទស្សនាការប្រកួតនៅចុងខែនេះ។ អ្នកដំណើរចេញពីអង់គ្លេសទៅប្រទេសក្នុងបញ្ជីបៃតង ត្រូវតែគោរពតាមវិធានការរបស់រដ្ឋាភិបាលអង់គ្លេសមុនពេលចេញដំណើរ ប៉ុន្តែពេលមកអង់គ្លេសវិញ ពួកគេមិនតម្រូវឱ្យធ្វើចត្តាឡីស័កទេ។
កីឡដ្ឋានជាតិអង់គ្លេស Wembley នៅតែអាចជាជម្រើសមួយនៃទីតាំងប្រកួត ប៉ុន្តែលុះត្រាតែមានការផ្លាស់ប្ដូរជំហរធំមួយរបស់រដ្ឋាភិបាលអង់គ្លេស ដែលមកទល់ពេលនេះមិនត្រូវរ៉ូវលក្ខខណ្ឌជាមួយ UEFA។
UEFA គិតថាព័រទុយហ្គាល់ផ្ដល់ភាពងាយស្រួលជាងអង់គ្លេសក្នុងការអនុញ្ញាតឱ្យចូលចំពោះក្រុមហ៊ុនឧបត្ថម្ភនិងក្រុមហ៊ុនផ្សាយ។ UEFA នឹងត្រូវសងជំងឺចិត្តដល់ក្រុមហ៊ុនទាំងនេះប្រសិនពួកគេមិនអាចចូលរួមការប្រកួតនោះបានទេ។
Porto ជាទីតាំងសក្ដានុពលមួយដែលត្រូវបានលើកឡើង តែ Lisbon ដែលបានទទួលវគ្គផ្ដាច់ព្រ័ត្រឆ្នាំមុន ក៏ជាលទ្ធភាពមួយដែរ។
ក្រុមអ្នកគាំទ្រផ្លូវការរបស់ Chelsea និង Man City និយាយថាពួកគេនឹងជួប UEFA ដើម្បីនិយាយអំពីសំណើជុំវិញការផ្លាស់ប្ដូរទីតាំងខាងលើ៕