កំពូលកីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka និយាយថាកម្រិតកើនឡើងនៃករណីកូវីដ១៩ក្នុងទីក្រុងតូក្យូជាក្ដីបារម្ភធំមួយ ហើយនាងមិនប្រាកដក្នុងចិត្តឡើយថាព្រឹត្តិការណ៍អូឡាំពិក២០២០គួរកើតឡើងឬអត់ក្នុងរដូវក្ដៅនេះ។
តូក្យូកំពុងស្ថិតក្រោមស្ថានភាពក្នុងគ្រាអាសន្ន នៅខណៈការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ រយៈពេល១០សប្ដាហ៍មុនដល់ព្រឹត្តិការណ៍អូឡាំពិកដែលគ្រោងធ្វើនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ មួយឆ្នាំក្រោយលើកពេលពីកាលបរិច្ឆេទដើម។
Osaka ដែលជាជើងខ្លាំងវាយកូនបាល់នារីលំដាប់ទី២ពិភពលោកនិងមិនធ្លាប់ប្រកួតអូឡាំពិកទេនោះ និយាយថា៖ «ខ្ញុំជាអត្តពលិកម្នាក់ ដូច្នេះពិតណាស់ថាគំនិតដែលខ្ញុំនឹកឃើញមុនគេគឺខ្ញុំចង់លេងក្នុងអូឡាំពិក។ ប៉ុន្តែក្នុងនាមជាមនុស្សជាតិម្នាក់ ខ្ញុំចង់និយាយថាពួកយើងកំពុងស្ថិតក្នុងកាលៈទេសៈអាសន្នរោគរាតដ្បាត ហើយបើមនុស្សជាតិមិនមានសុខភាពល្អ, ពួកគេគ្មានអារម្មណ៍ថាមានសុវត្ថិភាព អីចឹងវាពិតជាមូលហេតុធំមួយនៃក្ដីបារម្ភ»។
នៅពេលត្រូវបាន BBC សួរថាតើវាសមស្របឬទេក្នុងការរៀបចំអូឡាំពិកអំឡុងការរាតដ្បាតសកលនេះ កីឡាការិនីវ័យ២៣ឆ្នាំដែលធ្លាប់កាន់កាប់ចំណាត់ថ្នាក់លេខ១ពិភពលោកកាលដើមឆ្នាំ២០១៩ តបថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំមិនប្រាកដទេ។ ខ្ញុំមិនដែលបានលេងអូឡាំពិកម្ដងណាឡើយ ដូច្នេះខ្ញុំមិនដឹងថាត្រូវប្រៀបធៀបនឹងអ្វីឱ្យសម។ ខ្ញុំពិតជានឹងមានអារម្មណ៍ក្រៀមក្រំបន្តិចក្នុងការលេងអូឡាំពិកក្នុងកាលៈទេសៈនេះ ប៉ុន្តែនៅចុងបញ្ចប់ វាជាកិត្តិយសមួយក្នុងការលេងអូឡាំពិក។ ហើយបើវាធ្វើឱ្យមនុស្សមានសុខភាពល្អ ខ្ញុំនឹងសប្បាយចិត្តក្នុងការលេងបិទទ្វារដោយគ្មានទស្សនិកជន»។
ដោយឡែក កំពូលកីឡាការិនីវាយកូនបាល់អាមេរិក Serena Williams ដែលជាជើងឯក Grand Slam ២៣ដង មិនទាន់សម្រេចចិត្តនៅឡើយទេថានឹងចូលរួមប្រកួតតូក្យូអូឡាំពិកឬទេ។ កីឡាការិនីវ័យ៣៩ឆ្នាំរូបនេះបានឈ្នះមេដាយមាសអូឡាំពិកវិញ្ញាសាឯកត្តជន១គ្រឿងនិងវិញ្ញាសាវាយគូ៣គ្រឿង តែកំពុងរារែកក្នុងការចំណាយពេលឆ្ងាយពីកូនស្រីអាយុ៣ខួបរបស់នាង។ Serena ត្រូវលេង Italy Open សប្ដាហ៍នេះ ដែលជាការត្រលប់មកទីលានប្រកួតវិញលើកដំបូងតាំងពីពេលចាញ់ជើងឯក Osaka ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Australian Open កាលខែកុម្ភៈមក។
តាមផែនការ តូក្យូអូឡាំពិកនឹងដំណើរការដោយគ្មានអ្នកគាំទ្រមកពីបរទេស ខណៈការសម្រេចចិត្តជុំវិញថាតើឱ្យអ្នកគាំទ្រក្នុងស្រុកចូលទស្សនាការប្រកួតឬទេនោះ នឹងធ្វើឡើងនៅក្នុងខែមិថុនា៕