សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបើកការស៊ើបអង្កេតផ្នែកវិន័យជាផ្លូវការហើយលើក្លិប Barcelona, Juventus និង Real Madrid ជុំវិញការពាក់ព័ន្ធរបស់ពួកគេក្នុងការបង្កើតពាន European Super League។
ក្នុងចំណោមក្លិបទាំង១២ដែលបានចូលរួមបង្កើតពាន ESL មាន៩ គឺ Arsenal, Chelsea, Liverpool, Manchester City, Manchester United, Tottenham Hotspur, AC Milan, Inter Milan និង Atletico Madrid បានប្រកាសដកខ្លួនចេញវិញហើយ នៅឡើយតែ Barca, Juve និង Real ដែលរឹងត្អឹង។
UEFA និយាយថាការស៊ើបអង្កេតផ្នែកវិន័យនេះនឹងមើលទៅលើលទ្ធភាពនៃការបំពានក្របខណ្ឌច្បាប់ដោយក្លិបទាំង៣។
UEFA មិនទាន់និយាយអ្វីច្រើនលើសពីនេះឡើយ។ ប៉ុន្តែបើតាម AFP ក្លិបទាំង៣ខាងលើដែលរឹងត្អឹងមិនព្រមបញ្ឈប់ផែនការ ESL អាចត្រូវបានបញ្ចេញចេញពីពាន Champions League ២ឆ្នាំ។
សូមជម្រាបថា ក្លិបទាំង៩ដែលបានដកខ្លួនចេញមិនមែនរួចខ្លួនគ្មានរងវិធានការវិន័យនោះទេ។ ពោលគឺ ពួកគេបានទទួលពិន័យរបស់ UEFA ដោយយល់ព្រមផ្ដល់វិភាគទានសុឆន្ទៈរួមគ្នាសរុប១៥លានអឺរ៉ូសម្រាប់ជាប្រយោជន៍ដល់កុមារនិងបាល់ទាត់ថ្នាលនៅទូទាំងទ្វីបអឺរ៉ុប។ បន្ថែមលើនេះ ក្លិបទាំង៩នឹងត្រូវបាន UEFA កាត់យកចំណូលពីពានអឺរ៉ុបចំនួន៥%រយៈពេល១រដូវកាល ដោយរាប់ពីរដូវកាល២០២៣-២៤ទៅ ហើយលុយនេះនឹងត្រូវបានបែងចែកឡើងវិញនៅពេលបន្ទាប់។
លើសពីនេះ ក្លិបទាំង៩ថែមទាំងបានប្ដេជ្ញាចំពោះមុខ UEFA ថានឹងមិននាំគ្នាបង្កើតពានក្រៅច្បាប់បែបនេះទៀតឡើយក្នុងពេលអនាគត។ ប្រសិនពួកគេធ្វើបែបនេះទៀត ក្លិបនីមួយៗប្រឈមនឹងពិន័យ១០០លានអឺរ៉ូ។ ហើយបើបំពានខណាមួយក្នុងចំណោមលក្ខខណ្ឌដែលពួកគេបានប្រកាស ពួកគេនឹងរងពិន័យពាក់កណ្ដាលនៃទំហំទណ្ឌកម្មនេះ។
លោក Florentino Perez ប្រធានក្លិប Real Madrid និងជាប្រធាន ESL បាននិយាយថ្មីៗនេះថាក្លិបសហស្ថាបនិកទាំង១២ដែលបានព្រមព្រៀងចូលរួមគម្រោង ESL មានកិច្ចសន្យាដែលមិនអាចទុកជាមោឃៈបាន ហើយមិនអាចចាកចេញបានទេ៕