ថ្មីៗនេះ Cristiano Ronaldo បានធ្វើដំណើរទៅ Maranello ដែលជាតំបន់ផលិតរថយន្ត Ferrari ដ៏ល្បីល្បាញ ហើយពេលនេះមិត្តរួមក្រុមរបស់គេ Paulo Dybala ក៏មិននៅស្ងៀមដែរ។
ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានប្រើប្រាស់គ្រាប់បាល់ទី១០០របស់គេសម្រាប់ Juventus ជាលេសមួយដើម្បីចាយលុយជិតកន្លះលានដុល្លារ ដើម្បីទិញរថយន្តស្ព័រ Lamborghini ជាកាដូសម្រាប់ខ្លួនឯង។
Dybala បានធ្វើដំណើរទៅទីស្នាក់ការរបស់ Lamborghini នៅ Sant’ Agata ក្នុងទីក្រុង Bologna ដើម្បីទិញ Lamborghini Aventador S Roadster ពណ៌លឿង និងបានដើរមើលចង្វាក់ផលិតកម្មក្នុងរោងចក្រផងដែរ។
អតីតយុវជនក្លិប Instituto កម្ពស់១,៧៧ម៉ែត្រ និយាយថាគេលង់ស្រលាញ់ Lamborghini Aventador S Roadster តាំងពីឃើញចេញម៉ូដដំបូងភ្លាម ហើយគេបានរង់ចាំពីរបីឆ្នាំដើម្បីកុម្ម៉ង់។ វាជាកិត្តិយសមួយដែលគេមាន១គ្រឿងជាកម្មសិទ្ធិពេលនេះ។
Dybala វ័យ២៧ឆ្នាំ បានផ្លាស់ពី Palermo មក Juventus ក្នុងឆ្នាំ២០១៥ ជាឆ្នាំដែលគេផ្ដើមជាប់ជម្រើសជាតិអាហ្សង់ទីន។ មកទល់ពេលនេះ Dybala លេងឱ្យក្រុមសេះបង្កង់បាន២៥១លើក ស៊ុតចូល១០០គ្រាប់។ នៅជម្រើសជាតិវិញ កីឡាករជំនាញជើងឆ្វេងរកបាន២គ្រាប់ពីការចូលលេង២៩លើក៕