ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នឹងចូលរួម Barcelona លើកិច្ចសន្យា២ឆ្នាំ នៅពេលកិច្ចសន្យារបស់គេជាមួយ Manchester City អស់សុពលភាពជាស្ថាពរនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។
អតីតសមាជិក Atletico Madrid វ័យ៣២ឆ្នាំ ចាកចេញពី Man City ក្រោយចំណាយពេលនៅក្លិបនេះ១០ឆ្នាំ ហើយក្លាយជាម្ចាស់ឯទគ្គកម្មគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបអង់គ្លេសមួយនេះ គឺ២៦០គ្រាប់ក្នុងការចូលលេង៣៩០លើក និងឈ្នះ១៥ពានរង្វាន់សំខាន់ៗ។
Aguero ស្ថិតក្នុងលំដាប់ទី៤ក្នុងបញ្ជីអ្នករកបានគ្រាប់បាល់ច្រើនបំផុតក្នុង Premier League គឺ១៨៤គ្រាប់។ តែបើគិតជាមធ្យមភាពរយៈពេលនៃការរកបានគ្រាប់បាល់ Aguero ប្រើពេលខ្លីជាងគេដើម្បីរកបាន១គ្រាប់។
ក្នុងពិធីប្រកាសជាផ្លូវការរបស់ Barcelona រាត្រីថ្ងៃចន្ទទី៣១ខែឧសភា អតីតយុវជនថ្នាលរបស់ Independiente និយាយថា៖ «ពួកយើងទាំងអស់គ្នាដឹងថា Barcelona ជាក្លិបល្អជាងគេបំផុតក្នុងពិភពលោក។ ខ្ញុំគិតថាខ្ញុំបានធ្វើការសម្រេចចិត្តដ៏អស្ចារ្យមួយដើម្បីមកទីនេះ ហើយពិតណាស់វាជាការបោះជំហានទៅមុខក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់និងសង្ឃឹមថាខ្ញុំអាចជួយក្រុមឈ្នះពាន»។
បន្ថែមលើនេះ អតីតកូនប្រសារលោក Diego Maradona ប្រាប់ថាគេជជែកជាមួយ Lionel Messi រាល់ថ្ងៃ ប៉ុន្តែគេសូមមិនទម្លាយឱ្យដឹងអំពីអ្វីខ្លះដែលពួកគេបាននិយាយគ្នានោះទេ។ តែ Aguero លួចបង្ហើបថា Messi នឹងបន្តនៅជាមួយ Barca ទៀត។ គេមានមោទនភាពដែលបានលេងរួមក្រុម Barca ជាមួយ Messi ដែលជាក្លើម្នាក់របស់គេ។ គេថាការចូលរួម Barca ជាការបំពេញក្ដីស្រមៃតាំងពីកុមារភាព។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងរបស់ Aguero ជាមួយ Barca មានខផ្ដាច់កុងត្រាតម្លៃ១០០លានអឺរ៉ូ។
Barca បានបញ្ចប់រដូវកាល២០២០-២១ ក្នុងចំណាត់ថ្នាក់លេខ៣ក្នុង La Liga បន្ទាប់ពីលក់ Luis Suarez ទៅឱ្យ Atletico Madrid ដែលទីបំផុតក្លាយជាជើងឯកលីគ។ ក្នុងពាន Champions League វិញ ពួកគេបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Paris St Germain។ តែពួកគេបានឈ្នះពាន Copa del Rey មួយដែរ បន្ទាប់ពីផ្ដួល Athletic Bilbao ៤-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រខែមេសាកន្លងទៅ។
ក្នុងរដូវកាលដែលទើបចប់ថ្មីៗនេះ Messi ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុម គឺ៣៨គ្រាប់ក្នុងគ្រប់ពានរង្វាន់ ខណៈ Antoine Griezmann រកបាន២០គ្រាប់ និង Ousmane Dembele រកបាន១១គ្រាប់៕