នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នាបន្ទប់សវនាការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានទទួលស្វាគមន៍ឯកឧត្ដម Tomasz Peroba អនុប្រធានគណៈកម្មាធិការជាតិប៉ូឡូញដែលបានចូលសម្ដែងការគួរសម និងផ្ដើមភ្ជាប់ទំនាក់ទំនងរវាងគណៈកម្មាធិការជាតិអូឡាំពិកទាំង២ភាគី។
បន្ទាប់ពីជំនួបលើកដំបូងនេះ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក៏នឹងមានជំនួបដ៏សំខាន់មួយទៀតរវាងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញនារដ្ឋធានីប៉ារីស ប្រទេសបារាំង អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ក្នុងខែកក្កដា។ ជំនួបដ៏ពិសេសនាពេលខាងមុខនៅប៉ារីសនេះ គឺដើម្បីពិភាក្សាស៊ីជម្រៅឈានដល់ការចុះអនុស្សារណៈយោគយល់ (MOU) ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធ និងជួយគ្នាទៅវិញទៅមកក្នុងវិស័យកីឡា និងចលនា អូឡាំពិក ព្រោះប៉ូឡូញជាប្រទេសដែលខ្លាំងមួយក្នុងប្រភេទកីឡាអូឡាំពិក បូករួមទាំងឧត្ដមភាពប្រកួតកម្រិតអឺរ៉ុប និងពិភពលោក។
ឯកឧត្ដមសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ផលប្រយោជន៍ល្អដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងកីឡាករ កីឡាការិនីជាតិ ។
មិនតែប៉ុណ្ណោះ ការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមកក៏នឹងអាចកើតឡើងផងដែរពាក់ព័ន្ធនឹងការងារកីឡា។ នេះជាឱកាសដ៏ល្អដើម្បីអភិវឌ្ឍកីឡាជាតិ និងចលនាកីឡាអូឡាំពិករបស់កម្ពុជាឈានទៅដល់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅអឺរ៉ុប។
ឯកឧត្ដម Tomasz Perobaក៏បានបង្ហាញភាពភ្ញាក់ផ្អើលនឹកស្មានដល់ផងដែរចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជាពេលដែលបានឈានជើងមកធ្វើទស្សនកិច្ចនាពេលនេះ។ ឯកឧត្ដម Tomasz Perobaដែលឆ្នាំនេះមានវ័យ៥១ឆ្នាំក៏ធ្លាប់ជាកីឡាករបាល់ទាត់អាជីពមួយរូបដែរ៕