នៅទីបំផុត អេលីត ចំរើន បានក្លាយជាបេក្ខជនវគ្គផ្ដាច់ព្រ័ត្រ ដែលឡើងទៅ ប្រឈមមុខជាមួយកីឡាករតិកនិកល្អ បឺត សង្ឃឹម សម្រាប់ការដណ្ដើមខ្សែក្រវាត់ ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារ លើសង្វៀន PNN។
នេះគឺជាការប្រឈមមុខដាក់គ្នាជាថ្មីតទល់នឹង បឺត សង្ឃឹម ខណៈដែលកន្លងទៅ ពួកគេទាំង២ធ្លាប់ជួបគ្នាលើសង្វៀនម្ដងរួចទៅហើយ ក្នុងការប្រកួតមិត្តភាព។ ការជួបគ្នាជាលើកដំបូង គឺកាលពីជាង៤ឆ្នាំមុន នៅពេលដែលជើងខ្លាំងទាំង២ នៅមិនទាន់ក្លាយជាកីឡាករលំដាប់ឆ្នើមដូចនាពេលបច្ចុប្បន្ននៅឡើយ។ ប៉ុន្តែនោះជាការប្រកួត ដ៏ជក់ចិត្ត ស្វិតស្វាញបំផុតសម្រាប់ជើងខ្លាំងមានប្រភពពី ខេត្តបាត់ដំបង និងអ្នកតស៊ូមកពីដែនដី កំពង់ឆ្នាំង បឺត សង្ឃឹម ដោយជាលទ្ធផល អេលីត ចំរើន បានយកឈ្នះដោយពិន្ទុ ក្រោយបញ្ចប់៥ទឹកពេញ។