ខ្សែប្រយុទ្ធ Erling Braut Haaland ជាពីរបួសយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល ហើយបានចូលលេងក្នុងជ័យជម្នះរបស់ Dortmund ៣-១ នៅទឹកដី Wolfsburg យប់ថ្ងៃសៅរ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២១ ហើយថែមទាំងបំបែកឯតទគ្គកម្មដ៏អស្ចារ្យមួយ ស្របពេល Bayern Munich ក៏បំបែកកំណត់ត្រាអស្ចារ្យស្រដៀងគ្នានេះមួយដែរ។
Haaland ដែលបានរងរបួសត្រគាកក្នុងពាក់កណ្ដាលខែតុលានិងត្រូវបានរំពឹងថាជាសះស្បើយពេញលេញក្នុងឆ្នាំ២០២២ បានចូលលេងក្នុងនាទី៧៣នៃការប្រកួតយប់មិញជំនួស Donyell Malen ហើយ៧នាទីបន្ទាប់ គេបានស៊ុតចូល។ នេះជាការចូលលេងលើកទី៥០របស់ Haaland ក្នុង Bundesliga ហើយគ្រាប់នេះក៏ជាគ្រាប់ទី៥០របស់គេក្នុងលីគនេះ ដែលធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុតរកបាន៥០គ្រាប់ក្នុង Bundesliga គឺក្នុងវ័យ២១ឆ្នាំនិង១២៩ថ្ងៃ។
Wolfsburg យប់មិញបាននាំមុខមុនតាំងពីនាទីទី២ ដោយកីឡាករ Wout Weghorst តែនៅនាទី៣៥ Emre Can ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើឱ្យ Dortmund រួច Malen បើកការនាំមុខឱ្យក្រុមភ្ញៀវក្នុងនាទី៥៥ មុនពេល Haaland ស៊ុតគ្រាប់ចុងក្រោយ។ នេះជាគ្រាប់បាល់ទី១០របស់ Haaland ពីការចូលលេង៧លើកក្នុងរដូវកាលនេះ។
ជ័យជម្នះនេះ បាននាំឱ្យ Dortmund ឡើងកំពូលតារាងជំនួស Bayern Munich មួយរយៈខ្លីដែរ ដោយមាន៣០ពិន្ទុពី១៣ប្រកួត។
តែបន្ទាប់មក Leroy Sane បានស៊ុតគ្រាប់តែ១គត់ក្នុងការប្រកួត ជួយ Bayern ឈ្នះ Arminia Bielefeld ១-០ ដើម្បីវិលមកកំពូលតារាងឡើងវិញ ដោយមាន៣១ពិន្ទុពី១៣ប្រកួត។ គ្រាប់បាល់នេះបាននាំឱ្យ Bayern បំបែកឯតទគ្គកម្មចំណាស់៤៤ឆ្នាំ គឺក្លាយជាក្រុមដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងមួយឆ្នាំប្រតិទិនក្នុង Bundesliga ដោយ Bayern រកបាន១០២គ្រាប់ក្នុងលីគកំពូលអាល្លឺម៉ង់ក្នុងឆ្នាំ២០២១នេះ បំបែកកំណត់ត្រា Cologne ដែលរកបាន១០១គ្រាប់ក្នុង Bundesliga ក្នុងឆ្នាំ១៩៧៧។
Bayern Munich នឹងធ្វើដំណើរទៅប្រកួតនៅទឹកដី Dortmund ថ្ងៃអាទិត្យទី៥ខែធ្នូឆ្នាំ២០២១ ជាការប្រកួតដែលគេហៅថា Der Klassiker៕