ការប្រកួតបាល់ទាត់លីគកំពូលព័រទុយហ្គាល់រវាង Belenenses និង Benfica យប់ថ្ងៃសៅរ៍ទី២៧ខែវិច្ឆិកាត្រូវបានបោះបង់ចោលក្នុងវគ្គទី២ បន្ទាប់ពីម្ចាស់ផ្ទះសល់កីឡាករតែ៦នាក់លើទីលាន ខណៈ Benfica កំពុងនាំមុខ៧-០។
ក្នុងការប្រកួតយប់មិញ ម្ចាស់ផ្ទះ Belenenses ត្រូវបង្ខំចិត្តលេងទាំងមានកីឡាករត្រឹម៩នាក់ ហើយក្នុងនោះ២នាក់ជាអ្នកចាំទី បន្ទាប់ពីកីឡាករក្រុមនេះឆ្លងកូវីដអស់១៧នាក់។
មុនការប្រកួតចាប់ផ្ដើម កីឡាករ Belenenses បានបង្ហោះសាររួមគ្នាថា៖ «បាល់ទាត់មានបេះដូងតែនៅពេលវាមានភាពប្រកួតប្រជែងប៉ុណ្ណោះ។ បាល់ទាត់មានបេះដូងតែនៅពេលវាមានស្មារតីពិតប្រាកដកីឡាប៉ុណ្ណោះ។ បាល់ទាត់មានបេះដូងតែនៅពេលវាមានភាពជាគំរូនៃសុខភាពសាធារណៈប៉ុណ្ណោះ។ នៅថ្ងៃនេះបាល់ទាត់បានបាត់បង់បេះដូងរបស់វាហើយ»។
Benfica បាននាំមុខ៧-០ក្នុងវគ្គទី១ ដោយបាល់ចូលទីខ្លួនឯងរបស់ Edouardo Kapu របស់ Belenenses ក្នុងនាទីទី១ ខណៈ
អ្នកចាំទី Joao Monteiro របស់ពួកគេលេងជាខ្សែការពារ។ Benfica ត្រួតត្រាសាច់បាល់៨៥% ហើយ Haris Seferovic រកបាន២គ្រាប់, Julian Weigl រកបាន១គ្រាប់ និង Darwin Nunez ធ្វើបានហ៊ែតទ្រីគ។
ក្រោយចាប់ផ្ដើមវគ្គទី២បាន១នាទី កីឡាករ Monteiro ដួលនៅលើទីលាន រួចហើយអាជ្ញាកណ្ដាលបានបោះបង់ការប្រកួតចោល ដោយសារគូប្រកួតម្ខាងសល់កីឡាករតែ៦នាក់ គឺនៅក្រោមលក្ខខណ្ឌអប្បបរមាដែលយ៉ាងហោចត្រូវមានកីឡាករ៧នាក់លើទីលានទើបអាចប្រកួតបាន។
ក្រោយការប្រកួត ខ្សែបម្រើប្រយុទ្ធព័រទុយហ្គាល់ Bernardo Silva របស់ក្លិប Manchester City បានបង្ហោះថា៖ «តើនេះជាអ្វីហ្នឹង? តើខ្ញុំជាមនុស្សតែម្នាក់គត់ដែលមិនយល់ថាហេតុអ្វីបានជាការប្រកួតនេះមិនត្រូវបានផ្អាក?»៕