កីឡាករ១៣រូប និងបុគ្គលិកនៅក្នុងក្រុមព័រទុយហ្កាល់ Belenenses បានតេស្ដវិជ្ជមានវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង(Omicron) បន្ទាប់ពីកីឡាករម្នាក់ត្រលប់ពីជួយក្រុមជម្រើសជាតិនៅអាហ្វ្រិកខាងត្បូង។
ការប្រកួតរវាង Belenenses ទល់នឹង Benfica ក្នុងក្របខណ្ឌកំពូលរបស់ព័រទុយហ្កាល់ Premeira Liga ត្រូវបានបោះបង់ចោលកាលពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ដោយសារបញ្ហារាតត្បាតនៃកូវីដ១៩ បានធ្វើឱ្យកីឡាករនៅក្នុងក្រុម Belenenses ចូលរួមទល់នឹង Benfica មានតែ៩នាក់ប៉ុណ្ណោះ ដោយការប្រកួតនោះត្រូវបានបញ្ឈប់ក្នុងតង់ទី២ បន្ទាប់ពីកីឡាករបានរងរបួសនៅសល់៦នាក់ដែលអាចលេងបាន។
ហើយពេលនេះមានការបញ្ជាក់ថា កីឡាករទាំង១៣រូបដែលអវត្តមានកាលពីថ្ងៃមុន គឺសុទ្ធតែឆ្លងកូវីដបម្លែងថ្មីអូមីក្រុងទាំងអស់។
ខ្សែការពារ Cafu Phete ជាម្នាក់នៅក្នុងចំណោមកីឡាករទាំងនោះដែលបានធ្វើតេស្ដវិជ្ជមាន ក្រោយទើបត្រលប់មកពីជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង ក្នុងព្រឹត្តិការណ៍ប្រកួតកាលពីថ្មីៗនេះ។
ទាំងក្លិប Benfica និង Belenenses បានរិះគន់ លីគ និងអាជ្ញាធរសុខាភិបាលដែលមិនអនុញ្ញាតឱ្យមានការផ្អាកការប្រកួតនោះ។ ប៉ុន្ដែលីគបានបកស្រាយថា ពុំមានលិខិតផ្លូវការណាមួយ ដែលបានស្នើសុំផ្អាកការប្រកួតនេះឡើយ ខណៈអាជ្ញាធរសុខាភិបាល បានអះអាងថា វាមិនអាស្រ័យទៅលើពួកគេឡើយ ក្នុងការផ្អាកការប្រកួតនេះ៕