Manchester United ត្រូវបានរាយការណ៍ថាកំពុងតាមដានសមត្ថភាពខ្សែបម្រើ Amadou Haidara ក្នុងពីរប្រកួតបន្ទាប់ សម្រាប់ក្រុម RB Leipzig ដើម្បីនាំយកមកចូលរួមក្រុមនៅពេលទីផ្សារដោះដូរបើកដំណើរការនៅខែមករាខាងមុខនេះ។
កីឡាករវ័យ២៣ឆ្នាំ ទទួលបានការពេញចិត្តជាខ្លាំង ពីសំណាក់អ្នកចាត់ការស្ដីទីថ្មីរបស់ក្លិបបិសាចក្រហមលោក Ralf Rangnick ដែលបាននាំយកកីឡាករជនជាតិម៉ាលីពីក្លិប RB Salzburg មកចូលរួម Leipzig ក្នុងឆ្នាំ២០១៨។
Man Utd កំពុងស្វែងរកខ្សែបម្រើថ្មីមកពង្រឹងក្រុម ហើយក្រុមការងារឃ្លាំមើលកីឡាករ នឹងទៅចូលរួមទស្សនាការប្រកួតដែល Haidara ចូលលេងសម្រាប់ Leipzig ទល់ Union Berlin នៅថ្ងៃសុក្រ និងទល់នឹង Manchester City នៅ UEFA Champions League សប្ដាហ៍ក្រោយ។
Haidara បានបង្ហាញខ្លួនលើកទី១០០សម្រាប់ Leipzig កាលពីចុងសប្ដាហ៍ ប៉ុន្ដែគេបាននិយាយដោយបើកចំហរអំពីក្ដីសុបិនរបស់គេ ចំពោះការលេងសម្រាប់ក្លិបដូចជា Manchester United ខណៈតម្លៃផ្ដាច់កុងត្រាបច្ចុប្បន្ន ថ្លៃប្រមាណ ៣៣លានផោន។
គេអាចលេងបានក្នុងតំណែងជាខ្សែបម្រើការពារ ប៉ុន្ដែគេមានលទ្ធភាពលេង box-to-box។ Haidara រកគ្រាប់បាល់ដំបូងរបស់ខ្លួននៅ Champions League សម្រាប់ Leipzig ក្នុងការប្រកួតទល់នឹង Man Utd កាលពីឆ្នាំមុន ដោយជួយក្រុមរបស់ខ្លួនទទួលជ័យជម្នះ ៣-២៕