កីឡាករវាយសីជម្រើសជាតិថៃ Dechapol Puavaranukroh និងកីឡាការិនី Sapsiree Taerattanachai ក្លាយជាដៃគូចម្រុះលំដាប់កំពូលរបស់ពិភពលោកជាផ្លូវការ បន្ទាប់ពីសហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានចេញចំណាត់ថ្នាក់ចុងក្រោយរបស់ខ្លួនកាលថ្ងៃអង្គារទី៧ខែធ្នូឆ្នាំ២០២១។
ដៃគូបុរសនារីខាងកីឡាវាយសីថៃខាងលើបានវ៉ាឡើងលើដៃគូចម្រុះចិន Zheng Siwei និង Huang Yaqiong ក្លាយជាដៃគូចម្រុះលេខ១របស់ពិភពលោក បន្ទាប់ពីពួកគេបានឈ្នះជើងឯក BWF World Tour Finals នៅបាលី កាលពីថ្ងៃអាទិត្យ។
ជ័យជម្នះនេះគឺជាការឈ្នះជើងឯក៣ដងជាប់គ្នាក្នុង៣ព្រឹត្តិការណ៍ចុងក្រោយនៃរដូវកាល World Tour 2021 របស់សហព័ន្ធកីឡាវាយសីពិភពលោក ដែលបានធ្វើនៅរមណីយដ្ឋានកោះដ៏ល្បីរបស់ឥណ្ឌូនេស៊ី។
ហើយនេះក៏ជាការឈ្នះពានលើកទី៤ជាប់គ្នាផងដែររបស់ Dechapol វ័យ២៤ឆ្នាំ និង Sapsiree វ័យ២៩ឆ្នាំ បន្ទាប់ពីបានឈ្នះពានមួយនៅអាល្លឺម៉ង់ មុនទៅប្រកួតនៅបាលី។
កាលពីចុងរដូវកាល២០២០ដែលបានអូសបន្លាយមកបញ្ចប់នៅដើមខែមករាឆ្នាំ២០២១នេះ ដៃគូចម្រុះដ៏ខ្លាំងរបស់ថៃខាងលើក៏បានឈ្នះជើងឯក៣កម្មវិធីជាប់គ្នាផងដែរ។
ដៃគូចម្រុះចិន Zheng Siwei និង Huang Yaqiong មិនបានចូលរួមប្រកួតនៅបាលីទេ ដោយសារការរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសចិន។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសរសេរលើបណ្ដាញសង្គម អបអរសាទរកីឡាករ Dechapol និងកីឡាការិនី Sapsiree ដោយមានប្រសាសន៍ថាអ្នកទាំង២បានចារជំពូកថ្មីនៃប្រវត្តិសាស្ត្រកីឡាវាយសីថៃ និងជាគំរូដ៏ល្អថ្មីមួយទៀតសម្រាប់អត្តពលិកថៃដែលចង់ជោគជ័យ គឺត្រូវមានការប្ដេជ្ញាចិត្តនិងខំប្រឹងប្រែងយ៉ាងខ្លាំងក្លា។ លោក ប្រាយុទ្ធ ក៏បានកោតសរសើរចំពោះសហព័ន្ធកីឡាវាយសីថៃ និងគ្រូបង្វឹកទាំងឡាយផងដែរសម្រាប់ការបណ្ដុះបណ្ដាលបានកីឡាករ កីឡាការិនីល្អៗ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃក៏បានកោតសរសើរអតីតកីឡាការិនីថៃលំដាប់ទី១ពិភពលោក Ratchanok Intanon និងកីឡាករ Kunlavutt Vitidsarn វ័យ២០ឆ្នាំ ដែលជាកីឡាករលំដាប់កំពូលរបស់ថៃផ្នែកបុរស ដែលមានចំណាត់ថ្នាក់ទី១៨ពិភពលោក ចំពោះការឈ្នះពានរង្វាន់កីឡាកររះថ្មីរបស់សហព័ន្ធកីឡាវាយសីពិភពលោក ប្រចាំឆ្នាំ២០២១។
លោក ប្រាយុទ្ធ ក៏បានបញ្ជាក់ផងដែរថាជោគជ័យខាងលើគឺមានការរួមចំណែកពីគោលនយោបាយរបស់លោកនិងរបស់រដ្ឋាភិបាលក្នុងការគាំទ្រអត្តពលិកគ្រប់វិញ្ញាសាទាំងអស់ ចាប់ពីកម្រិតថ្នាលរហូតដល់កម្រិតអាជីព៕
ប្រភព៖ Bangkokpost