អ្នកចាត់ការស្ដីទីរបស់ក្លិប Manchester United លោក Ralf Rangnick មានបំណងចង់បានខ្សែបម្រើវ័យក្មេង Christopher Nkunku មកចូលរួមនៅ Old Trafford ក្រោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់គេក្នុងក្រុម RB Leipzig។ នេះយោងតាមប្រភពពីសារព័ត៌មានអាល្លឺម៉ង់ Bild។
Nkunku ធ្លាប់រកបានហេទទ្រីគ(hat trick) ក្នុងការប្រកួតសម្រាប់ RB Leipzig ដែលបរាជ័យ ៦-៣ ក្រោមថ្វីជើង Manchester City នៅកីឡដ្ឋាន Etihad កាលពីខែកញ្ញា។ គេបានបំពេញតួនាទីយ៉ាងល្អសឹងគ្រប់ការប្រកួតក្នុងរដូវកាលនេះ។
គេក៏បានលេងពេញមួយប្រកួតលើទីលាន ក្នុងជំនួបជ័យជម្នះ ២-១ លើ Man City កាលពីរាត្រីថ្ងៃអង្គារ ក្នុងជុំចុងក្រោយនៃវគ្គចែកពូល Champions League ដែលធានាឱ្យ RB Leipzig ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពូល A ដែលមានន័យថាពួកគេនឹងចូលរួមប្រកួត play-off ក្នុងពានរង្វាន់ Europa League។
ហើយនេះជាឱកាសសម្រាប់ Nkunku ដើម្បីបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន ក្នុងពានអឺរ៉ុប។ បើគិតមកទល់នឹងពេលបច្ចុប្បន្ន អតីតសមាជិករបស់ Paris Saint-Germain រូបនេះ រកគ្រាប់បាល់សរុប១៤គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៩លើក គ្រប់ពានរង្វាន់។
យោងតាមការរាយការណ៍ពីសារព័ត៌មាន Bild អ្នកចាត់ការ Rangnick មានការពេញចិត្តចំពោះការអភិវឌ្ឍសមត្ថភាពយ៉ាងឆាប់រហ័សរបស់ អតីតកូនក្រុមរបស់លោកនៅ Leipzig ចាប់តាំងពីគេផ្លាស់មកចូលរួមក្លិបអាល្លឺម៉ង់ ពី Paris Saint-Germain ក្នុងឆ្នាំ២០១៩។
កីឡាករដែលចាប់កំណើតក្នុងតំបន់ជាមួយ Paul Pogba ក្នុងទីក្រុងប៉ារីស ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ អាចនឹងមកចូលរួមក្លិបបិសាចក្រហម ដើម្បីជំនួសមិត្តរួមក្រុមជម្រើសជាតិរបស់គេ ដែលមិនមានបំណងបន្ដរួមរស់នៅ Old Trafford។
Leipzig បានចំណាយ១១លានផោនសម្រាប់ការផ្ទេរ Nkunku ពី PSG ក្រោយពេលដែលកីឡាកររូបនេះ មិនទទួលបានឱកាសបង្ហាញសមត្ថភាពតាមដែលគេចង់បាន កាលនោះក្រោមការដឹកនាំដោយលោក Thomas Tuchel។
ក្លិបតោខៀវ Chelsea ក៏ត្រូវបានរាយការណ៍ថា ជាគូប្រជែងរបស់ Man Utd ក្នុងការព្យាយាមនាំយក Nkunku មកពង្រឹងតំបន់បម្រើក្នុងក្រុម ប៉ុន្ដែឧបសគ្គនៅត្រង់ថា ខ្សែបម្រើរូបនេះកន្លងមក បានបង្ហើបថាថា លោក Tuchel ជាហេតុផលសំខាន់មួយ ដែលនាំឱ្យគេសម្រេចចិត្តចែកផ្លូវគ្នាជាមួយ PSG។
បើក្រឡេកមើលស្ថិតិគ្រាប់បាល់នៅ UCL រដូវកាលនេះ Nkunku ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយមានចំនួនគ្រាប់បាល់ស្មើនឹង Mohamed Salah ពោលគឺ៧គ្រាប់ ហើយនាំមុខតារាឆ្នើម Cristiano Ronaldo ដែលមាន៦គ្រាប់។ ខ្សែប្រយុទ្ធកំពុងឡើងកូដ Sebastien Haller របស់ Ajax ជា Top Scorer បណ្ដោះអាសន្នក្រោយរកបាន១០គ្រាប់ពី៦ប្រកួត ខណៈ Robert Lewandowski របស់ Bayern Munich ឈរនៅលេខ២ រកបានសរុប៩គ្រាប់ ពីការលេង៥ប្រកួត មុនជួប Barcelona ក្នុងប្រកួតចុងក្រោយនៃវគ្គចែកពូល Champins League។