Sergio Ramos ត្រូវបានរំពឹងថា អាចជួយក្រុម Paris Saint-Germain បានច្រើននៅតំបន់ការពារក្នុងរដូវកាលនេះ ក្រោយផ្ទេរចេញពី Real Madrid មកកាន់ទីក្រុងប៉ារីសជាមួយនឹងតារាឆ្នើមមួយចំនួនទៀតដូចជា Achraf Hakimi, Gianluigi Donnarumma និង Lionel Messi ជាដើម។
ប៉ុន្ដែជាក់ស្ដែង ខ្សែការពារជនជាតិអេស្ប៉ាញរូបនេះ ទើបតែបានចូលលេងត្រឹមពីរប្រកួតប៉ុណ្ណោះសម្រាប់ក្រុមបារាំងមួយនេះ ខណៈនាយកបច្ចេកទេសរបស់ក្លិប លោក Leonardo ក៏មិនរំពឹងថាវាទៅជាបែបនេះដែរ។
លោក Leonardo បាននិយាយនៅក្នុងសម្ភាសន៍មួយរបស់ Europe 1 ថា៖ “យើងមិនរំពឹងថានឹងអវត្តមាន Ramos ពី៤ទៅ៥ខែនោះទេ។ យើងដឹងថា គេមានបញ្ហារបួសតាំងពីរដូវកាលមុន ដែលយើងបានដឹងរួចមកហើយ ប៉ុន្ដែជាក់ស្ដែងយើងមានភាពភ្ញាក់ផ្អើល”។
“មានបញ្ហាតានតឹងមួយចំនួន ប៉ុន្ដែយើងនឹងរៀបចំឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់មកនឹងត្រលប់មកធម្មតាវិញ។ ប៉ុន្ដែពេលនេះគេបានដើរផ្លូវត្រូវ។ វាពិតជាសំខាន់ដែលមានគេនៅជាមួយយើង សម្រាប់ពាក់កណ្ដាលទី២នៃរដូវកាលនេះ”៕