Skip to content
Mircea Lucescu ចូលបង្វឹកក្លិបដែលស្អប់លោក ជាទីបំផុត
    ទំព័រដើម  »  កីឡាអន្តរជាតិ

Mircea Lucescu ចូលបង្វឹកក្លិបដែលស្អប់លោក ជាទីបំផុត

ការចាញ់ប្រៀបគូប្រជែងរបស់ក្លិបដែលអ្នកគាំទ្រគឺជារឿងមួយដែលពិបាកនឹងទទួលយក ហើយអ្វីដែលកាន់តែពិបាកជាងនេះទៅទៀតនោះ គឺការនាំយកគ្រូបង្វឹកដែលតែងប្រឆាំងជាមួយក្រុមដែលអ្នកស្រលាញ់មកដឹកនាំ ប្រៀបដូចជាការតែងតាំងវីរបុរសរបស់ Manchester United លោក Sir Alex Ferguson មកជាអ្នកចាត់ការក្លិប Liverpool អ៊ីចឹង។

លោក Mircea Lucescu គឺជាឧទាហរណ៍ជាក់ស្ដែង ដែលត្រូវបានក្លិប Dynamo Kyiv តែងតាំងជាអ្នកចាត់ការទូទៅ ហើយក្លិបមួយនេះជាគូប្រជែងធំបំផុតមួយនៅក្នុងប្រវត្តិសាស្ដ្ររបស់ Shakhtar Donetsk។

លោក Mircea Lucescu កាលនៅដឹកនាំ Shakhtar Donetsk

លោក Lucescu ធ្លាប់ចំណាយពេល ១២រដូវកាលដឹកនាំ Shakhtar ទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលនៅអ៊ុយក្រែន ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១៦។ ជានិច្ចកាល បុរសសញ្ជាតិរ៉ូម៉ានី តែងតែ រិះគន់ និងនិយាយអាក្រក់ពី Dynamo Kiev នៅមុខប្រព័ន្ធផ្សព្វផ្សាយ។

ការចូលខ្លួនមកកាន់តំណែងដំបូងរបស់លោកសម្រាប់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងកៀវ កាលពីខែកក្កដា ឆ្នាំ២០២០ បានធ្វើឱ្យអ្នកគាំទ្រក្រុម Dynamo មានការខឹងសម្បារយ៉ាងខ្លាំង។

លោក Lucescu បានព្យាយាមលាលែងពីតំណែង ក្រោយចូលកាន់តំណែងបាន៤ថ្ងៃ ដោយសារមានបាតុកម្មពីអ្នកគាំទ្រក្រុម​Dynamo មូលហេតុដោយសារពួកគេពិបាកនឹងទទួលយក គ្រូបង្វឹកដែលដឹកនាំ Shakhtar ទទួលបានភាពជោគជ័យ ហើយពេលកន្លងមកគ្រូបង្វឹករូបនេះតែងនិយាយអាក្រក់ពី Dynamo។

ដោយចិត្តអំណត់មិនខ្វល់ពីការតវ៉ារបស់អ្នកគាំទ្រដ៏ងប់ងល់ទាំងនេះ គ្រូបង្វឹកវ័យ៧៥ឆ្នាំ បានលើកឡើងថា លោកព្យាយាមផ្ដោតទៅលើកីឡាករនៅក្នុងក្រុម និង ការលេងនៅលើទីលានរបស់ពួកគេឱ្យបានកាន់តែប្រសើរ៕