លោក Zinedine Zidane មកទល់ចុងខែមិថុនាឆ្នាំ២០២២នេះ នៅបន្តទំនេរពុំទាន់ធ្វើការងារបង្វឹកឡើងវិញនៅឡើយទេ តាំងពីក្រោយពេលចាកចេញពី Real Madrid ចុងខែឧសភាឆ្នាំ២០២១មក។
ថ្វីបើពុំទាន់ចាប់អាជីពបង្វឹកយូរឆ្នាំណាស់ណា ប៉ុន្តែសមត្ថភាពបង្វឹករបស់លោក Zidane ត្រូវបានវាយតម្លៃខ្ពស់តាមរយៈជោគជ័យក្នុងការដឹកនាំ Real Madrid ដែលជាក្លិបតែ១គត់លោកបានបង្វឹកមកទល់ឥឡូវនេះ។
លោក Zidane បានដឹកនាំ Real Madrid ២លើក។ លើកទី១ពីឆ្នាំ២០១៦ដល់២០១៨ លោកបានដឹកនាំ Real ឈ្នះជើងឯក La Liga ១ដង, ឈ្នះពាន UEFA Champions League ៣រដូវកាលជាប់ៗគ្នាដែលគ្មានគ្រូបង្វឹកណាធ្លាប់ធ្វើបានពីមុន, ឈ្នះ UEFA Super Cup ២ដង, ឈ្នះ FIFA Club World Cup ២ដង។ លើកទី២ លោកបានដឹកនាំ Real Madrid ២រដូវកាល។ រដូវកាលដំបូង២០១៩-២០ លោកបាននាំក្រុមអធិរាជស ឈ្នះជើងឯក La Liga តែរដូវកាលបន្ទាប់ពុំឈ្នះពានអ្វីសោះឡើយ ជាហេតុបណ្ដាលឱ្យលោកចាកចេញពីក្លិបនេះជាលើកទី២។
ខណៈកំពុងនៅទំនេរ វីរបុរសបាល់ទាត់បារាំងវ័យ៥០ឆ្នាំរូបនេះត្រូវបានភ្ជាប់នឹងការងារនៅក្លិបធំៗមួយចំនួននារយៈកាលចុងក្រោយនេះ ពិសេស Paris St Germain ដែលទើបចែកផ្លូវជាមួយលោក Mauricio Pochettino។
ប៉ុន្តែនៅពេលត្រូវបានសួរនាំញឹកញយពេកអំពី Zidane ប្រធានក្លិប PSG លោក Nasser Al Khelaifi បាននិយាយប្រាប់សារព័ត៌មាន Le Parisien ថា៖ «ខ្ញុំស្រឡាញ់ Zidane ប៉ុន្តែពួកយើងមិនដែលបាននិយាយជាមួយគាត់ឡើយ។ មានក្លិបច្រើនណាស់ចាប់អារម្មណ៍គាត់ រួមទាំងក្រុមជម្រើសជាតិបារាំងផងដែរ ប៉ុន្តែមិនមែន PSG ទេ»។ បន្ថែមលើនេះ ប្រធានក្លិប PSG បានទម្លាយច្បាស់ៗថាក្លិបរបស់លោកកំពុងចរចាជាមួយក្លិប Nice ដើម្បីនាំយកលោក Christophe Galtier មកធ្វើជាគ្រូបង្គោលថ្មីជំនួសលោក Pochettino។
ក្លិប Manchester United នាពេលកន្លងមក ក៏ធ្លាប់ត្រូវបានភ្ជាប់ជាមួយលោក Zidane ផងដែរ មុនពេលតែងតាំងលោក Erik Ten Hag ជាអ្នកចាត់ការពេញសិទ្ធិ។ តែកាលណោះ តំណាងរបស់លោក Zidane បានប្រាប់សារព័ត៌មានថាអតីតខ្សែបម្រើប្រយុទ្ធឆ្នើមបារាំងមិនចាប់អារម្មណ៍ការងារនៅ Man Utd ទេ។
ទោះយ៉ាងណាក្ដី នៅក្នុងសម្ភាសន៍ជាមួយសារព័ត៌មាន Telefoot ថ្មីៗនេះ លោក Zidane បញ្ជាក់ថាលោកនៅបើកទ្វារចំហសម្រាប់ទទួលការងារបង្វឹកនៅពេលអនាគត ប៉ុន្តែមិនដឹងថាពេលណាឱ្យប្រាកដនោះទេ។
អតីតកីឡាករក្លិប Cannes, Bordeaux, Juventus និង Real Madrid ខាងលើនិយាយថា៖ «តើខ្ញុំនៅតែអាចបន្តការងារជាគ្រូបង្វឹកឬទេ? បាទ ខ្ញុំនៅតែអាចធ្វើបាន។ ខ្ញុំចង់បន្តការងារនេះ ព្រោះខ្ញុំនៅតែមានក្ដីស្រឡាញ់ចំពោះការងារបង្វឹក»។
ជុំវិញលទ្ធភាពចូលបង្វឹកក្រុម PSG នៅថ្ងៃណាមួយ លោក Zidane និយាយក្នុងសម្ភាសន៍ជាមួយ L’Equipe ថា៖ «កុំនិយាយថាអត់ឱ្យសោះ។ ក្នុងនាមជាអ្នកចាត់ការម្នាក់ មិនមានក្លិបច្រើនដល់ទៅ៥០ដែលខ្ញុំអាចទៅធ្វើការនោះទេ។ ប្រហែលមានពីរឬបីក្លិបដែលអាចទៅរួច»។
ដោយឡែក ពាក់ព័ន្ធនឹងជោគជ័យលើកពាន UCL ៣រដូវកាលជាប់គ្នានៅ Real Madrid លោក Zidane ទម្លាយថាមានកត្តាច្រើនរួមផ្សំ មិនមែនដោយសារតែលោកម្នាក់ឯងនោះទេ។ លោក Zidane សង្កត់ធ្ងន់ថាជោគជ័យកាលណោះបានមកដោយសារលោកមានក្រុមការងារល្អៗនៅជុំវិញខ្លួន មានកីឡាករឆ្នើមៗនៅក្នុងក្រុម ហើយគ្រប់គ្នាខិតខំធ្វើការយ៉ាងខ្លាំង គាំទ្រលោក និងធ្វើតាមអ្វីដែលលោកចង់បាន។ ប្រសិនបើគ្មានពួកគេនៅពីក្រោយលោក លោកម្នាក់អាចមិនអាចសម្រេចជោគជ័យបែបនេះឡើយ៕
ប្រភព៖ Marca