Harry Maguire នឹងនៅតែជាប្រធានក្រុមរបស់ Manchester United សម្រាប់រដូវកាល ២០២២-២៣ នេះបើយោងតាមការបញ្ជាក់របស់អ្នកចាត់ការ Erik ten Hag។
ខ្សែការពារកណ្ដាលរូបនេះ រងការរិះគន់យ៉ាងចាស់ដៃសម្រាប់ការលេងនៅលើទីលានរបស់គេ ក្នុងរដូវកាលមុន ហើយមានការទទូចឱ្យដកស្លាកប្រធានក្រុមផងដែរ ប៉ុន្ដែអ្នកចាត់ការថ្មីលោក Ten Hag អះអាងថា លោកបានធ្វើការជ្រើសរើសយ៉ាងត្រឹមត្រូវដែលបន្ដឱ្យ Maguire ធ្វើជាប្រធានក្រុម ហើយលោកក៏បានពន្យល់ហេតុផលដែរ។
នៅពេលដែលអ្នកចាត់ការហូឡង់ចូលមកកាន់តំណែងនៅ Old Trafford មានការលើកឡើងថា Maguire អាចនឹងត្រូវបានដកស្លាកប្រធានក្រុម ដោយប្រគល់ទៅឱ្យកីឡាករផ្សេង ប៉ុន្ដែលោក Ten Hag បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែការពារកណ្ដាលជម្រើសជាតិអង់គ្លេសរូបនេះ នឹងបន្ដតួនាទីរបស់ខ្លួននៅក្នុងក្រុម។