ភ្នំពេញ៖«ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ជ័យជម្នះមួយនេះ ហើយខ្ញុំក៏សង្ឃឹមថា ប្រទេសកម្ពុជានឹងរួចផុតពីជំងឺកូវីដ-១៩ ឆាប់ៗដែរ។ នេះគឺកីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០២១ (American National IBJJF Jiu-Jitsu Championship 2021)។ ការប្រកួតដ៏ធំប្រចាំឆ្នាំនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនានេះ នៅទីក្រុង Las Vegas ដោយមានអត្តពលិកចូលរួមប្រមាណជាង ៤,០០០នាក់ និងប្រកួតលើវិញ្ញាសាជាច្រើន។
ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។ អ្វីដែលគួរឲ្យកោតសរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕