កីឡដ្ឋាន KMH Park របស់ ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ដែលស្ថិតក្រោមដំណើរការស្ថាបនាឡើងវិញជិតរួចរាល់១០០ភាគរយនោះ គ្រោងបើក ចំហរដល់ សាធារណជនបានចូលទស្សនា ដោយសេរី នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងពីលោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ។
ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា នេះជាគម្រោងបើកសាកល្បងដល់មហាជនអាច បានចូលមើលដំណើរការ សាងសង់កីឡដ្ឋាន ឬហៅថា Soft Opening។ មិនតែប៉ុណ្ណោះក្នុងថ្ងៃដដែលនោះ ក៏មានកម្មវិធីពិសេស ៗ និងការប្រកួត បាល់ទាត់យុវជន ISI Community Cup U6 ដល់ U14 ព្រមទាំងមានការតាំងដាក់លក់ផលិតផលពីក្រុមហ៊ុនផ្សេងៗ ដែលជាដៃគូររបស់យើង ដើម្បីសាធារណជនគាត់បានចូលរួមទស្សនាសប្បាយរីករាយ។ ទន្ទឹមនឹងនេះដែរក៏មានការតាំងពិព័រណ៍ម្ហូបនៅ The Ground Market ក្នុង ផ្សារ K-Mall ទៀតផង។
លោក សៀក សុវណ្ណ លម្អិតបែបនេះ “៖ទីលាន របស់យើងសឹងតែរួចរាល់ជាស្ថាពរ១០០ភាគរយហើយ។ យើងគ្រោងធ្វើកម្មវិធីបើកសាកល្បង (Soft Opening)។ យើងទទួលមហាជនចូលទស្សនាក្នុងតារាងយើងដើម្បីបានឃើញពីការរៀបចំ ដែល យើងបានដំឡើងកៅអីហើយ ធ្វើសួនហើយ ធ្វើទីលានហ្វូតសាលហើយ ហើយស្មៅធម្មជាតិក៏យើងដាំហើយ នៅចាំវាដុះជិត។ យើងចង់ទាក់ទាញពួកគាត់បានឃើញ ព្រោះអីមហាជនភាគច្រើនចង់ឃើញថា ទីលានហ្នឹងហើយនៅ ពេលណាហើយ ពេលណាប្រកួតបាន។ អ៊ីចឹងទោះឥឡូវមិនទាន់អាចប្រកួតបាន ប៉ុន្តែពួកគាត់អាចចូលទស្សនា ថតរូប ចូលអង្គុយលេងយកខ្យល់អាកាស។ ក្នុងថ្ងៃហ្នុងដែរ យើងមានការប្រកួត ក្មេងៗរបស់ ISI Community ទាំងស្រី ទាំងប្រុស ដែលមានក្មេងៗជុំវិញទីលាន KMH។ អ្នកផ្សេងក៏អាចចូលរួមបានដែរដោយអាចចុះឈ្មោះដែលមាន U6 ៤ក្រុម U10 ៤ក្រុម U12 ៤ក្រុម និង U14 ៤ក្រុមអ៊ីចឹងទៅប្រកួតគ្នា។ ការប្រកួតហ្នឹង យើងធ្វើលក្ខណៈសប្បុរសធម៌ អត់ធំពេកទេ ដើម្បីក្មេងៗបានលេង និងចង់ឱ្យមានភាពអធិកអធម។ ជាមួយគ្នាហ្នឹងក៏មានពិព័រណ៍ម្ហូបនៅ The Ground Market ក្នុងផ្សារ K-Mall ដែរ។”
គួរដឹងដែរថា ទីលាន KMH Park របស់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោជ័យបានចាប់ផ្ដើមដំណើរ ការជួសជុលកែលម្អ ឡើងវិញនៅដើមឆ្នាំ២០២២នេះ ដើម្បីឱ្យស្របទៅនឹង លក្ខន្តិកៈរបស់ក្រុមហ៊ុន Cambodian Premier League។
ក្រុមមានមូលដ្ឋាននៅសង្កាត់ចោមចៅមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងបានចូលរួមការប្រកួត ក្របខណ្ឌ Cambodian League 2 ដំបូងក្នុងរដូវកាល២០២០។ ក្រោយដំណើរការស្ថាបនាឡើងវិញ កីឡដ្ឋាន KMH Park នឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ហើយអាចផ្ទុកទស្សនិកជន ៣០០០នាក់៕