គ្រូបង្គោល PSV Eindhoven លោក Ruud van Nistelrooy បានចាកចេញពីតួនាទីរបស់ខ្លួនមុនការប្រកួតបញ្ចប់រដូវកាល ដោយសារតែខ្វះការគាំទ្រនៅក្នុងក្លិប។
អតីតខ្សែប្រយុទ្ធឆ្នើមហុល្លង់, Man Utd និង Real Madrid លោក Van Nistelrooy បានដឹកនាំ PSV ឈ្នះពានរង្វាន់ Dutch Cup និង Dutch Super Cup បន្ទាប់ពីចូលកាន់តំណែងក្នុងខែមីនាឆ្នាំ២០២២។
ក្លិប PSV និយាយថាក្លិបបានគ្រោងជជែកអំពីអនាគតរបស់លោក Van Nistelrooy នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប៉ុន្តែគ្រូបង្គោលវ័យ៤៦ឆ្នាំបានសម្រេចចិត្តលាលែងមុនទៅហើយ។ ក្លិបសោកស្ដាយចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក្លិបសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោកសម្រាប់ការឈ្នះពាន Johan Cruijff Shield និង Dutch Cup ហើយសង្ឃឹមថាក្លិបនឹងបញ្ចប់រដូវកាល២០២២-២៣ក្នុងចំណាត់ថ្នាក់លេខ២។
PSV កំពុងស្ថិតនៅលេខរៀងទី២ក្នុងតារាង Eredivisie នៅក្រោមក្រុមកំពូលតារាង Feyenoord ដល់ទៅ១០ពិន្ទុ និងនៅលើក្រុមលេខ៣ Ajax ចំនួន៣ពិន្ទុ។ PSV ត្រូវចៀសវាងបរាជ័យទល់នឹង AZ Alkmaar នៅថ្ងៃបិទរដូវកាលថ្ងៃអាទិត្យទី២៨ឧសភា ដើម្បីធានាបានកៅអីវគ្គជម្រុះ UEFA Champions League។ គ្រូជំនួយ Fred Rutten នឹងដឹកនាំ PSV ជាបណ្ដោះអាសន្ន៕
ប្រភព៖ BBC