សៀង ចន្ធា តេស្តសុខភាពនៅមន្ទីរពេទ្យដ៏ធំកាតារដែល Neymar ធ្លាប់ទៅព្យាបាលជង្គង់ ខ្សែប្រយុទ្ធមុតស្រួចវ័យក្មេងកម្ពុជា សៀង ចន្ធា កំពុងបន្តធ្វើតេស្តសុខភាពតាមដំណាក់កាលជាលក្ខណៈអាជីពនៅក្នុងប្រទេសកាតារ មុនពេលចុះកិច្ចសន្យាជាផ្លូវការជាមួយក្លិប Al Shahaniya FC នៅរាជធានីដូហា ក្រោមលក្ខខណ្ឌខ្ចី១រដូវកាលពីក្លិបបឹងកេត។
ទីតាំងដែលកីឡាករវ័យ២០ឆ្នាំកម្ពុជាកំពុងធ្វើតេស្តសុខភាពនេះគឺនៅមន្ទីរពេទ្យ Aspetar Orthopaedic & Sports Medicine Hospital ដ៏ធំមួយក្នុងប្រទេសកាតារ ស្តង់ដារលំដាប់ឧត្ដមរបស់ FIFA ដែលមានកីឡាករបាល់ទាត់អាជីពល្បីៗជាច្រើនធ្លាប់ទៅព្យាបាលនៅទីនោះ រួមទាំងតារាឆ្នើមប្រេស៊ីល Neymar របស់ក្លិប Paris St Germain ផងដែរ។
ក្រោយពេលហោះចេញពីភ្នំពេញទៅដូហាកាលពីថ្ងៃទី ២២ខែកក្កដា ឆ្នាំ២០២៣ មកទល់ពេលនេះ ចន្ធា បានតេស្តសុខភាពជោគជ័យប្រមាណ៩០%ហើយ ដោយនៅសល់តែបន្តិចបន្តួចទៀតប៉ុណ្ណោះដែលត្រូវធ្វើតេស្តបន្តនៅថ្ងៃអង្គារទី២៥ ខែកក្កដានេះ។ សូមទស្សនាសកម្មភាពខ្លះៗនៃការធ្វើតេស្តសុខភាពកម្រិតអាជីពនៅប្រទេសការតាក្នុងវីដេអូនេះ។