Skip to content
អតីតកីឡាករទ័ព Romario ផ្លាស់ទៅក្លិបថៃ Krabi FC
    ទំព័រដើម  »  កីឡាជាតិ

អតីតកីឡាករទ័ព Romario ផ្លាស់ទៅក្លិបថៃ Krabi FC

ខ្សែបម្រើប្រយុទ្ធ Romario Reginaldo Alves ដែលទើបចែកផ្លូវគ្នាជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រាប់ថា គេបានព្រមព្រៀងចូលរួមជាមួយក្លិប Krabi FC នៃក្របខណ្ឌ Thai League 3 ហើយសម្រាប់ការប្រកួតប្រជែងក្នុងជើងទី២រដូវកាល២០២១/២០២២។

កីឡាករប្រេស៊ីលប្រាប់ថា សុពលភាពនៃកិច្ចសន្យានៅអតីតក្រុមរបស់ Bin Chantha Thierry គឺត្រឹមដាច់រដូវកាល២០២១/២០២២ តែគេនឹងចាំមើលថា តើនឹងអាចបន្តនៅទីនោះទៀតឬត្រលប់មកកម្ពុជាវិញ ។ យ៉ាងណា គេក៏មានបំណងវិលមកក្របខណ្ឌកំពូលកម្ពុជាវិញដែរនាពេលខាងមុខ។ គេសង្ឃឹមថា នឹងអាចទទួល បានបទពិសោធល្អៗនៅប្រទេសថៃ។

បុរសវ័យ២៧ឆ្នាំថ្លែងបែបនេះ “៖ ពេលចប់កុងត្រានៅ Krabi ចាំមើលសិនថាខ្ញុំត្រឡប់ទៅកម្ពុជាវិញ ឬបន្តនៅទីនេះ។ ខ្ញុំ នឹង លេង នៅទីនេះសម្រាប់ជុំទី២រហូត ដល់ ចប់ លីគ។ បើ ពួក គេ មាន សិទ្ធិ ចូល លេង វគ្គ Playoff គឺ អាច ឡើង ទៅ Thai League 2។ ខ្ញុំសង្ឃឹមនឹងអាចបានបទពិសោធជាច្រើនថែមទៀត ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំក៏មានគម្រោងត្រឡប់ទៅលីគកំពូលកម្ពុជាវិញនាពេលខាងមុខ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះ Army នឹងបន្តជានិច្ច ព្រោះពួកគេបានផ្តល់ឱកាសឱ្យខ្ញុំបង្ហាញតម្លៃរបស់ខ្ញុំ។”

គួរដឹងដែរថា Romario Alves ធ្លាប់លេងបាល់ទាត់នៅក្លិបមួយចំនួនក្នុងប្រេស៊ីល និងវៀតណាម មុនមកដល់កម្ពុជានៅឆ្នាំ២០២០។ ក្នុងរដូវកាលដំបូងនៅក្រុមហៅកាត់ Tiffy Army កីឡាករប្រេស៊ីលរូបនេះបានក្លាយជាកម្លាំងសំខាន់មួយ និងរួមចំណែកជួយក្រុមបានចំណាត់ថ្នាក់លេខ៤។ ប៉ុន្តែក្នុងរដូវកាល២០២១ គេរកបានតែ២គ្រាប់ និង assist ៣ដង ដោយសារបញ្ហារបួសដែលធ្វើឲ្យខកខានការប្រកួតយ៉ាងច្រើន។

Romario បន្ត “ឆ្នាំនេះជាឆ្នាំដែលពិបាកខ្លាំងណាស់ ព្រោះខ្ញុំរបួសច្រើន ទើបមិនអាចចូលរួមការប្រកួត ប៉ុន្តែខ្ញុំសង្ឃឹមថា ថ្ងៃណាមួយនឹងផ្តល់ភាពរីករាយដល់អ្នកគាំទ្រលីគកម្ពុជាម្តងទៀត”៕