ភាពជាកីឡាករបាល់ទាត់ជាអាជីពមួយដែលផ្ដល់នូវកេរ្តិ៍ឈ្មោះ ព្រមទាំងប្រាក់ចំណូលយ៉ាងច្រើនដែលអាចប្រែក្លាយជនមានជីវភាពខ្វះខាតម្នាក់ឱ្យក្លាយជាអ្នកមានយ៉ាងឆាប់រហ័សដោយសារទេពកោសល្យលេងបាល់របស់ពួកគេ។
មានអ្នកកីឡាច្រើនណាស់ដែលទទួលបានជោគជ័យក្នុងអាជីព ហើយមានជីវិតដ៏ល្អ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែបែបនេះនោះទេ។ ក៏មានដែរអ្នកដាំក្បាលធ្លាក់ចុះមកវិញដល់បាតាល បាត់បង់អស់អ្វីៗគ្រប់យ៉ាង ទាំងទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ ដោយសារការដើរផ្លូវខុសដូចជាលេងល្បែងស៊ីសង ឬចាញ់បោកការអូសទាញឱ្យវក់នឹងការសប្បាយភ្លើតភ្លើនភ្លេចខ្លួន ផឹកស៊ីបង្កបញ្ហា រហូតដល់ថ្នាក់ជាប់ពន្ធនាគារថែមទៀតក៏មាន។
នៅថ្ងៃនេះ AMS Sports នឹងបង្ហាញជូនអំពីអតីតតារាបាល់ទាត់លំដាប់ពិភពលោកជាច្រើនរូបដែលធ្លាក់តោកយ៉ាកសល់តែសម្បកខ្លួន ឬជាប់ក្នុងមន្ទីរឃុំឃាំងដោយសារទង្វើខុសឆ្គងរបស់ពួកគេ។