Skip to content
អ្នកចាំទីដៃតុកកែអាល្លឺម៉ង់ Neuer អាចបំបែកឯតទគ្គកម្មចំណាស់៤១ឆ្នាំយប់នេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

អ្នកចាំទីដៃតុកកែអាល្លឺម៉ង់ Neuer អាចបំបែកឯតទគ្គកម្មចំណាស់៤១ឆ្នាំយប់នេះ

អ្នកចាំទី Manuel Neuer របស់ក្លិប Bayern Munich អាចបង្កើតប្រវត្តិសាស្ត្រនៅយប់ថ្ងៃអង្គារទី១៧ខែវិច្ឆិកាឆ្នាំ២០២០នេះ ជាអ្នកចាំទីបង្ហាញខ្លួនឱ្យអាល្លឺម៉ង់បានច្រើនដងបំផុត ប្រសិនបានចូលលេងទល់នឹង អេស្ប៉ាញ ក្នុងពាន UEFA Nations League ម៉ោង២៖៤៥រំលងអធ្រាត្រ (ឈានចូលព្រឹកថ្ងៃពុធនៅកម្ពុជា)។

មកទល់ពេលនេះ Neuer បានតាមស្មើឯតទគ្គកម្មរបស់លោក Sepp Maier រួចហើយ ក្រោយបានចូលលេងលើកទី៩៥សម្រាប់អាល្លឺម៉ង់ថ្ងៃសៅរ៍មុនពេលឈ្នះ អ៊ុយក្រែន ៣-១ នៅ Leipzig។ លោក Maier បានកាន់កំណត់ត្រានេះតាំងពីឆ្នាំ១៩៧៩។

តែ Neuer អាចបំបែកកំណត់ត្រាខាងលើ ប្រសិនត្រូវបានលោក Joachim Low ដាក់ឱ្យលេងទល់ម្ចាស់ផ្ទះអេស្ប៉ាញយប់នេះ ក្នុងការប្រកួតកាត់សេចក្ដីរកជើងឯកប្រចាំពូលទី៤នៃ League A ពាន UEFA Nations League។

លោក Maier បាននិយាយថាអ្វីៗអាស្រ័យលើពេលវេលា។ វាមានរយៈពេល៤១ឆ្នាំហើយដែលលោកបានបង្កើតកំណត់ត្រាខាងលើ ហើយលោកសូមចូលរួមអបអរសាទរ Neuer។

Neuer សព្វថ្ងៃវ័យ៣៤ឆ្នាំ តែមិនធ្លាប់និយាយអ្វីពាក់ព័ន្ធនឹងការចូលនិវត្តន៍ឡើយ។ គេបានជាប់ជម្រើសជាតិក្រុមធំអាល្លឺម៉ង់ដំបូងក្នុងឆ្នាំ២០០៩អំឡុងពេលលេងនៅក្លិបដើម Schalke 04 បន្ទាប់ពីបង្ហាញខ្លួនក្នុងក្រុមU18, U19, U20 និង U21 អាល្លឺម៉ង់ រវាងឆ្នាំ២០០៤ដល់២០០៩។ គេបានក្លាយជាអ្នកចាំទីដៃទី១របស់អាល្លឺម៉ង់តាំងពីឆ្នាំ២០១០មក និងបានការពារទីមិនរបូតគ្រាប់បាល់ចំនួន៤១លើកក្នុងការលេង៩៥ប្រកួតកន្លងមក។

កីឡាករដែលបានលើកពាន FIFA World Cup 2014 ជាមួយជម្រើសជាតិអាល្លឺម៉ង់មកទល់ពេលនេះនៅសល់តែ Neuer និង Toni Kroos ប៉ុណ្ណោះដែលបន្តមានវត្តមានក្នុងការជ្រើសរើសរបស់លោក Joachim Low៕