Mayweather នឹងឡើងសង្វៀនជាថ្មីនៅជប៉ុនក្នុងខែកុម្ភៈឆ្នាំ២០២១

0 នាទីអាន
- Advertisement -

វីរបុរសប្រដាល់សកល Floyd Mayweather នឹងត្រលប់ចូលសង្វៀនជាថ្មីនៅតូក្យូប្រទេសជប៉ុននាខែកុម្ភៈឆ្នាំ២០២១ ប៉ុន្តែមិនទាន់ដឹងថាប្រកួតជាមួយនរណា ហើយប្រើរូបមន្តបែបណានៅឡើយទេ។

អតីតជើងឯកពិភពលោកដែលបានចូលនិវត្តន៍រូបនេះធ្លាប់បានបង្ហើបរួចមកហើយអំពីការប្រកួតថ្មីរបស់គេ ដែលបន្តពីការប្រកួតលក្ខណៈសម្ដែងកាលពីឆ្នាំ២០១៨ទល់នឹងកីឡាករ kick-boxing ជប៉ុន Tenshin Nasukawa។

អ្នករៀបចំកម្មវិធីបានព្រលយឱ្យដឹងបន្ថែមថ្ងៃចន្ទទី១៦ខែវិច្ឆិកាថាការប្រកួតនោះជាផ្នែកមួយនៃព្រឹត្តិការណ៍ដែលត្រូវបានហៅថា «Mega 2021» នៅថ្ងៃទី២៨ខែកុម្ភៈ ក្នុងរាជធានីនៃប្រទេសជប៉ុន។

ពួកគេនិយាយថាព្រឹត្តិការណ៍នោះនឹងមានវត្តមានអ្នកប្រយុទ្ធនានាលំដាប់ជើងឯក រួមទាំង Mayweather ផងដែរ។ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតលើសនេះឡើយ។

សប្ដាហ៍មុន អតីតអ្នកប្រដាល់សកលអាជីពអាមេរិកវ័យ៤៣ឆ្នាំដែលឈ្នះគ្រប់ប្រកួត បានបង្ហោះសារលើ Instagram ថា៖ «តូក្យូ ជប៉ុន! ខ្ញុំនឹងវិលវិញក្នុងឆ្នាំ២០២១។ ខ្ញុំដឹងថាព្រឹត្តិការណ៍អូឡាំពិកនឹងធ្វើនៅជប៉ុនក្នុងឆ្នាំ២០២១ ប៉ុន្តែខ្ញុំខ្លួនឯង Floyd “Money” Mayweather និងក្រុមរបស់ខ្ញុំ នឹងធ្វើអ្វីមួយធំក្នុងទីក្រុងតូក្យូ។ ខ្ញុំកំពុងនៅតាមផ្លូវទៅទីនោះហើយ»។

សូមរំឭកថា Mayweather បានប្រកាសចូលនិវត្តន៍ពីវិស័យប្រដាល់សកលអាជីពកាលពី៣ឆ្នាំមុន ក្រោយប្រកួត៥០លើក ឈ្នះគ្រប់ប្រកួត និងផ្ដួលគូបដិបក្ខសន្លប់២៧ដង ដោយចុងក្រោយគេបានផ្ដួលកីឡាករគុនចម្រុះ Conor McGregor ក្នុងទឹកទី១០នៃការប្រកួតប្រដាល់សកលក្នុងថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧។

កាលពីឆ្នាំ២០១៥ Mayweather បានផ្ដួលកំពូលអ្នកប្រដាល់ហ្វ៊ីលីពីន Manny Pacquiao ក្នុងជំនួបដែលគេដាក់ឈ្មោះថា Fight of the Century ដែលមកទល់ពេលនេះនៅតែជាការប្រកួតដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់។ Mayweather ទទួលបានប្រហែល៣០០លានដុល្លារពីការប្រកួតនោះ ខណៈជំនួបនោះប្រមូលបានចំណូលជាង៦០០លានដុល្លារអាមេរិក៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕