លោក ភា សុភ័ក្ត្រា គ្រូបង្គោលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្ហាញក្ដីរីករាយ និងមានមោទកភាពពេលដែលឃើញក្រុមបាល់ទាត់នៅក្នុងសហគមន៍មួយនៅជិតព្រំដែនកម្ពុជា-វៀតណាម ដែលមានសកម្មភាពបាល់ទាត់យ៉ាងផុសផុល និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឃយុវជនតំបន់របស់ខ្លួន។ លោកថ្លែងបែបនេះក្នុងឱកាសនៃការរៀបចំកម្មវិធីធ្វើតេស្ដយុវជនរបស់ក្រុមបាល់ទាត់មីស្ទើលេង ដែលបានប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃ គឺ នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា និងថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ឆ្លើយតបជាមួយដំណើរការលើការជ្រើសរើសយុវជនរបស់ក្រុម លោក កេត ធុច ដែលជាអនុប្រធានក្រុមបាល់ទាត់មីស្ទើលេង បានប្រាប់អំពីប្រវត្តិខ្លះៗនៃការបង្កើតក្រុម និង នីតិវិធីនៃការជ្រើសរើសយុវជនថ្នាល់ដែលមានគម្រោងប្រមូលផ្ដុំទាំងឈុតបុរសនិងឈុតនារី ក៏ដូចជាទិសដៅរបស់ក្រុមនាពេលអនាគត។