ក្រោយរួមចំណែកយ៉ាងធំជួយ Manchester United ផ្ដួល Burnley ៣-១ យប់ថ្ងៃអាទិត្យទី១៨ខែមេសា ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood និយាយថា«អ្វីៗគឺអាចទៅរួច»ក្នុងការប្រជែងជើងឯក Premier League ជាមួយ Manchester City ដែលកំពុងនាំមុខ៨ពិន្ទុ ខណៈសល់៦សប្ដាហ៍ប្រកួតទៀត។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានស៊ុតគ្រាប់បើកឆាក៣នាទីក្រោយចាប់ផ្ដើមវគ្គទី២ ពីការបញ្ជូនបាល់ដោយ Marcus Rashford មុន James Tarkowski តែតតាមស្មើឱ្យក្រុមភ្ញៀវ២នាទីបន្ទាប់។ នៅនាទី៨៤ Paul Pogba បានបញ្ជូនបាល់ឱ្យ Greenwood ស្ដារការនាំមុខសម្រាប់ក្រុមបិសាចក្រហមជាថ្មី រួចនៅនាទី៩០+៣ ខ្សែបម្រើបម្រុង Donny van de Beek បញ្ជូនបាល់ឱ្យ Edinson Cavani ធានា៣ពិន្ទុសម្រាប់ក្រុមលោក Ole Gunnar Solskjaer។
ឆ្លងកាត់៣២ប្រកួតដូចគ្នា ក្រុមកំពូលតារាង Man City មាន៧៤ពិន្ទុនិងគ្រាប់បាល់ចំណេញ៤៤គ្រាប់ ស្របពេល Man Utd មាន៦៦ពិន្ទុនិង២៩គ្រាប់ចំណេញ។ ចំណែក Burnley នៅលេខ១៧ដដែល តែនៅលើតំបន់ក្រហមចំនួន៦ពិន្ទុ។
នៅពេលត្រូវបានសួរអំពីឱកាសប្រជែងជើងឯកលីគកំពូលអង់គ្លេសដែល Man Utd បានឈ្នះលើកចុងក្រោយតាំងពី២០១៣មកនោះ Greenwood លើកឡើងថា៖ «អ្នកមិនអាចប្រាកដបានទេ។ ពួកគេអាចបង្កើតកំហុស។ យើងត្រូវផ្ដោតលើការប្រកួតបន្តបន្ទាប់របស់យើង។ អ្វីៗអាចទៅរួច។ សង្ឃឹមថាពួកគេរបូតពិន្ទុខ្លះ ប៉ុន្តែយើងត្រូវរក្សាការផ្ដោតអារម្មណ៍លើការប្រកួតបន្តបន្ទាប់របស់យើង»។
រីឯលោក Solskjaer បន្ទរថា៖ «រឿងប្លែកៗបានកើតឡើងក្នុងបាល់ទាត់។ ការនាំមុខដាច់ច្រើនពិន្ទុធ្លាប់បានបាត់បង់»។
សូមរំឭកថា ក្នុងឆ្នាំ១៩៩៦ ក្រុមបិសាចក្រហមបង្វឹកដោយ Sir Alex Ferguson បានវ៉ាឈ្នះការនាំមុខ១២ពិន្ទុរបស់ Newcastle United ដើម្បីគ្រងជើងឯក។
ខែមុន Man City បាននាំមុខ Man Utd ដល់ទៅ១៤ពិន្ទុ តែពេលនេះសល់តែ៨ពិន្ទុ ខណៈសល់៦សប្ដាហ៍ប្រកួតទៀត។ កាលពីឆ្នាំ២០១២ Man Utd បាននាំមុខ Man City ដូចគ្នានេះ តែនៅថ្ងៃចុងក្រោយ Man City ដណ្ដើមបានជើងឯក។
ដោយឡែក យប់មិញនេះដែរ Arsenal តាមស្មើ Fulham ១-១ ក្នុងនាទី៩០+៧ ដោយ Eddie Nketiah ក្រោយ Josh Maja បានស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៥៩។ Arsenal ឈរលេខរៀងទី៩ ស្របពេល Fulham នៅលេខរៀងទី១៨។
យប់នេះ Leeds United ទទួល Liverpool ម៉ោង២រំលងអធ្រាត្រ៕