Skip to content
អ៊ុក សុធី ៖ កីឡាករបាល់ទាត់ចង់ធ្វើគ្រូ គួរឆ្លៀតរៀនវគ្គគ្រូឱ្យហើយទៅ កុំចាំដល់ពេលចូលនិវត្តន៍
    ទំព័រដើម  »  កីឡាជាតិ

អ៊ុក សុធី ៖ កីឡាករបាល់ទាត់ចង់ធ្វើគ្រូ គួរឆ្លៀតរៀនវគ្គគ្រូឱ្យហើយទៅ កុំចាំដល់ពេលចូលនិវត្តន៍

“កីឡាករបាល់ទាត់ណាដែលចង់ក្លាយជាគ្រូបង្វឹក គួរតែឆ្លៀតពេលរៀនវគ្គគ្រូឱ្យហើយទៅ ពេលសហព័ន្ធរៀបចំ កុំចាំដល់ចូលនិវត្តន៍ ទើបរៀន ព្រោះអាចនឹងចំណាយពេលយូរ នាំឱ្យខាតពេល។” នេះបើតាមការលើកឡើងពីលោក អ៊ុក សុធី គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

គ្រូបង្វឹកដែលទទួលបានវិញ្ញាបនបត្រកម្រិត B តាំងពីនៅជាកីឡាករ មើលឃើញថា ធនធានគ្រូបង្វឹកបាល់ទាត់នៅកម្ពុជាដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវមិនទាន់សម្បូរបែបនៅឡើយទេ។ ដូច្នេះហើយបានជាអតីតប្រធានក្រុមភ្នំពេញក្រោនរូបនេះផ្ដាំកីឡាករដែលយល់ថា ខ្លួនជិតចូលនិវត្តន៍ គួរតែលៃពេលរៀនជំនាញគ្រូបង្វឹក។

ទាក់ទងទៅនឹងការងារគ្រូបង្វឹកផ្ទាល់ខ្លួនវិញ លោក អ៊ុក សុធី ថ្លែងថា ទទួលបានបទពិសោធកាន់តែច្រើនថែមទៀត ចាប់តាំងពីប្រលូកការងារប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា ប្រសិនបើថ្ងៃណាមួយ លោកឈប់ការងារក្នុងក្រុមជម្រើសជាតិ លោកចង់ធ្វើជាគ្រូបណ្ដុះបណ្ដាលយុវជនជាងដឹកនាំក្រុមធំ។

គួរដឹងដែរថា លោក អ៊ុក សុធី ដែលជាប់ជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ២០១៤ដល់២០១៧បានចូលរួមជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១១ និងបានរួមចំណែកឈ្នះជើងឯកលីគកំពូលរដូវកាល២០១៤ និង២០១៥។

ក្រោយចូលនិវត្តន៍នាដំណាច់រដូវកាល២០១៩ បុរសវ័យ៣៦ឆ្នាំបានចូលរួមក្រុមយុវជនភ្នំពេញក្រោន មុនទទួលបានការងារជាគ្រូជំនួយជម្រើសជាតិដើមឆ្នាំ២០២១ និងជាគ្រូបង្គោលសូលទីឡូអង្គរ ពាក់កណ្ដាលឆ្នាំដដែលនោះ។ ក្រោយចប់រដូវកាល២០២១ លោក អ៊ុក សុធី បានវិលទៅកាន់ក្រុមជម្រើសជាតិវិញរហូតដល់បច្ចុប្បន្ន៕