បន្ទាប់ពីឃើញសកម្មភាពឌឺដងដាក់គ្នាពីសំណាក់អ្នកគាំទ្រនិងកីឡាករ មួយចំនួនដោយប្រើពាក្យសម្ដីមិនសមរម្យក្រោយចប់ការប្រកួតទៅក្នុងបណ្ដាញសង្គម ស្រាប់តែ អតីតកីឡាករជម្រើសជាតិកម្ពុជា ប្រាក់ ចាន់រតនា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក ដោយបង្ហាញនូវទស្សនះផ្ទាល់ខ្លួនថា៖
“បាល់ទាត់បើចាញ់ឈ្នះឱ្យចប់ទៅ ហេតុអ្វីត្រូវមានពាក្យលែបខាយទាំងហ្វេន និងកីឡាករផ្ទាល់ មកបង្ហាញនៅលើ Social Media ? បាល់ទាត់គឺជាកីឡា បង្កើនមិត្តភាពមិនមែន ជាការភ្នាល់ឡើយ សូមបងប្អូនកីឡាករ គិតឡើងវិញ ។ ចាញ់ឈ្នះជារឿងធម្មតា យើងគួររៀនទទួលស្គាល់ការពិត សិស្សច្បងគប្បីជាគំរូដល់សិស្សប្អូន សិស្សប្អូនខុសណែនាំ ប្រៀនប្រដៅបន្ថែម មិនមែន បញ្ចេញមតិលែបខាយចង់ធ្វើបាបគ្នា ទៅវិញទៅមកជាសាធារណ:បែបនេះទេ ទោះក្នុងចេតនាបែបណាក៏ដោយ ។ គ្រប់គ្នាសុទ្ធតែមានបំនងលើកស្ទួយវិស័យមួយនេះ ចំពោះខេត្តដូចគ្នា ហេតុអីត្រូវមកផ្ចាញ់ផ្ចាល? សូមប្រើប្រាស់ Social Media ក្នុងការបញ្ចេញមតិប្រកបដោយភាពថ្លៃថ្នូរ ក្នុងនាមជាបុគ្គលដែលមានការអប់រំ និងសីលធម៌រស់នៅល្អ។
បាល់ទាត់ស្រស់ស្អាតណាស់ តែមនុស្សមួយក្តាប់តូចធ្វើអោយបាល់ទាត់ក្លាយជារឿងគួរអោយធុញទ្រាន់” ។
គួរឱ្យដឹងផងដែរថា ប្រាក់ ចាន់រតនា ជាខ្សែបម្រើល្អមួយរូប ដោយធ្លាប់លេងឲ្យក្លិបណាហ្គាវើលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧។ កីឡាករមានដើមកំណើតនៅខេត្តកំពត រូបនេះបានរួមចំណែកឲ្យណាហ្គាវើលឈ្នះពានសម្តេច ហ៊ុន សែននៅឆ្នាំ២០១៣ និងបានជើងឯករង៣លើក(២០១២, ២០១៥, ២០១៧)។ ក្រោយមកបានទៅចូលរួមជាមួយសូលទីឡូអង្គរ ក្នុងរដូវកាលឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។ ចុងក្រោយក្នុងឆ្នាំ២០២១ រូបគេបានទៅចូលរួមជាមួយគីរីវងសុខសែនជ័យ។ ក្នុងអំឡុងពេលរួមរស់ជាមួយណាហ្គាវើល ខ្សែបម្រើរូបនេះ ទទួលបានឱកាសហ្វឹកហាត់ពិសេសជាមួយក្លិបនៅប្រទេសចិន ហើយគេជាសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ព្រមទាំងជាប់ក្នុងក្រុមឈុតធំក្នុងឆ្នាំ២០១៥ សម្រាប់យុទ្ធនាការណ៏ជម្រុះ FIFA World Cup ឆ្នាំ២០១៨ ៕