វគ្គគ្រូបង្វឹកបាល់ទះអន្តរជាតិនឹងធ្វើឱ្យគ្រូបង្វឹកក្នុងស្រុកទទួលបានចំណេះដឹងប្រកបដោយស្តង់ដារខ្ពស់

Neak Tola
12 មើល
0 នាទីអាន

គ្រូបង្វឹកកីឡាបាល់ទះជាតិចំនួន៤៥រូបបានចូលរួមវគ្គសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិត C ដោយសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែកក្កដា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមឧទ្ទេសពីគ្រូជំនាញ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាមានប្រសាសន៍ថា វគ្គគ្រូបង្វឹកនេះពិតជាសំខាន់ដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្វឹកកីឡាបាល់ទះនៅកម្ពុជាឱ្យមានស្តង់ដារតាមកម្រិតអន្តរជាតិ ទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក។ ជាក់ស្ដែងបច្ចុប្បន្នគ្រូបង្វឹកកីឡាបាល់ទះកម្ពុជាមិនទាន់មានអ្នកមានវិញ្ញាបនបត្រកម្រិតអន្តរជាតិនៅឡើយ ដូច្នេះនេះជាឱកាសល្អដើម្បីសាបព្រោះធនធានគ្រូបង្វឹកអន្តរជាតិជាជនជាតិខ្មែរ។ ដោយមើលពីសារៈសំខាន់នេះដែរ សហព័ន្ធកីឡាបាល់ទះបានចំណាយថវិកាខ្លួនបន្ថែមសមាសភាពចូលរួមបានសរុប៤៥រូប ការអនុញ្ញាតជាក់លាក់តែ២៥រូបប៉ុណ្ណោះ។ សហព័ន្ធសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងពិតប្រាកដ ដើម្បីបង្ហាត់បន្តដល់កូនក្រុមរបស់ខ្លួន។

ក្រៅពីទ្រឹស្ដី សិក្ខាកាមក៏ទទួលបានការអនុវត្តទាក់ទងនឹងការបង្ហាត់លើទីលានដោយផ្ទាល់ទាក់ទងនឹងមូលដ្ឋានគ្រឹះកីឡាបាល់ទះ។

គួរបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិត C នេះមានលោក Dusan Jarotta ជាគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) និងមានសិក្ខាកាមមកពីអង្គភាពនានាចំណុះនាយកដ្ឋាននានានៃអគ្គនាយកដ្ឋានកីឡា, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកគ្រូបង្វឹក គ្រូជំនួយ កីឡាករ នៃសហគម-ក្លិបកីឡាបាល់ទះ ចំនួន ៣២ សរុបចំនួន ៤៥រូប (ស្រី ១៣រូប)៕