យុវតី ឡូត ស្រីតុ, ឈុន អ៊ីឡី និង ទិន សុវណ្ណបួរកែវ ជាសិស្សគុននៃ សាលាគុនអង្គររាជ ខេត្តសៀមរាបបានរំលឹកពីប្រវត្តិការដែលពួកគេចូលហាត់រៀនល្បុក្កតោដំបូងៗ ផ្តើមពីការស្រឡាញ់ចង់រួមចំណែកលើកស្ទួយ ផ្សព្វផ្សាយក្បាច់គុនដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការ UNESCO មួយនេះឱ្យកាន់តែល្បីរន្ទឺ។ យុវតីសិស្សវិទ្យាល័យ ១០ ធ្នូ ទាំងអស់ក៏បានបន្ថែមថា ពួកគេតែងតែលួចហ្វឹកហាត់ល្បុក្កតោ ព្រោះតែដំបូងៗក្រុមគ្រួសារមិនទាន់បើកចិត្តទូលាយនៅឡើយ។
សម្រាប់ពួកយើងចូលក្នុងវិស័យល្បុក្កតោនេះដោយសារស្រឡាញ់ ចង់ជួយលើកតម្កើងវប្បធម៌របស់ខ្មែរ ចង់ថែរក្សាក្បាច់គុនបុរាណខ្មែរ និងបង្ហាញទៅពិភពលោកឱ្យស្គាល់ពីល្បុក្កតោដែលជារបស់ខ្មែរ ។
ក្រុមល្បុក្កតោនារី ដដែលក៏បានលើកទឹកចិត្តឱ្យនារីៗទាំងអស់ចូលរួមហ្វឹកហាត់គុនបុរាណដែលមានវ័យចំណាស់របស់ខ្មែរមួយនេះទាំងអស់គ្នា ព្រោះថាការរៀនសូត្រពីល្បុក្កតោវាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរាងកាយ ឱ្យមានភាពរឹងមាំ ស្មារតីល្អ និងពិសេសជួយរក្សានៅសម្បត្តិវប្បធម៌របស់ខ្មែរ។
ពួកយើងលើកទឹកចិត្តឱ្យនារីៗចូលហ្វឹកហាត់ល្បុក្កតោ ព្រោះថាល្បុក្កតោនេះវាជួយឱ្យរាងកាយយើងរឹងមាំ ស្មារតីនឹងនរ ហានជម្នះនៅឧបសគ្គចំពោះមុខ ហើយជាកីឡាមួយប្រភេទដែលជួយឱ្យយើងមានសុខភាពល្អ ។
សូមរំលឹកថា យុវតី ឡូត ស្រីតុ, ឈុន អ៊ីឡី និង ទិន សុវណ្ណបួរកែរ ក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នេះពួកគេបានទទួលបានមេដាយប្រាក់ក្នុងប្រភេទវិញ្ញាសា ទ្វាមេគុនដៃក្រុមនារី៕