ក្លិបអង់គ្លេសខ្លះខាតដល់ទៅ១០លានផោនក្នុងមួយប្រកួតដោយសារគ្មានទស្សនិកជន

Monghak Yong
10 មើល
0 នាទីអាន
- Advertisement -

អនុប្រធានក្លិប West Ham United អ្នកស្រី Karren Brady បាននិយាយថាក្លិបរបស់លោកខាតបង់ទឹកប្រាក់២លានផោន (២.៧លានដុល្លារ)ក្នុងមួយប្រកួតដែលគ្មានទស្សនិកជនចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានអំឡុងរយៈកាលរាតត្បាតដោយជំងឺកូវីដ១៩នេះ ខណៈក្លិបធំៗខ្លះខាតដល់ទៅ១០លានផោនក្នុងមួយប្រកួត។

តាំងពីបាល់ទាត់អាជីពអង់គ្លេសត្រលប់មកវិញក្នុងខែមិថុនាឆ្នាំ២០២០មក ទស្សនិកជនមិនទាន់ត្រូវបានអនុញ្ញាតឱ្យមកទិញសំបុត្រចូលមើលផ្ទាល់ឡើងវិញនៅឡើយទេ បណ្ដាលឱ្យក្លិបខាតបង់ប្រាក់ចំណូលថ្ងៃប្រកួត។ បើក្លិបនៅលីគទាបៗរបស់អង់គ្លេសវិញកំពុងដង្ហោយសុំជំនួយហិរញ្ញវត្ថុពីស្ថាប័នគ្រប់គ្រងដើម្បីបន្តដង្ហើមក្លិប បើមិនដូច្នោះទេក្លិបជាច្រើនប្រឈមនឹងការបង្ខំចិត្តបិទ។

អ្នកស្រី Brady បានរៀបរាប់ប្រាប់សារព័ត៌មាន BBC ថា៖ «វាជាការខាតបង់ធ្ងន់ធ្ងរសម្រាប់គ្រប់គ្នា។ West Ham កំពុងខាត២លានផោនក្នុងមួយប្រកួតដោយសារបាត់ចំណូលពីការលក់សំបុត្រនិងចំណូលសាជីវកម្ម។ ក្លិបខ្លះខាតបង់ដល់ទៅ១០លានផោនក្នុងមួយប្រកួត។ ជាធម្មតា លីគបាល់ទាត់តែងមានលំដាប់ថ្នាក់ ប៉ុន្តែក្នុងក្របខ័ណ្ឌ Premier League តែមួយក៏មានលំដាប់ក្លិបដែរ។ ក្លិបខ្លះមានម្ចាស់ជារដ្ឋបរទេស តែចំណែកក្លិបខ្លះទៀតមិនអីចឹងទេ»។

អនុប្រធានក្លិបញញួរធំដដែលបន្ថែមថាគ្រប់គ្នាកំពុងរងគ្រោះដូចអាជីវកម្មផ្សេងៗដែរ មិនថាបាល់ទាត់ឬមិនមែនបាល់ទាត់នោះទេ គឺពួកគេគ្មានលុយច្រើនសម្រាប់សឺកួរខាតឡើយ។

ទោះយ៉ាងណាក៏ដោយ អ្នកស្រី Brady នៅតែផ្ដល់សារៈសំខាន់ជាអាទិភាពដល់សុវត្ថិភាពរបស់មនុស្ស។ ហើយតាមអ្នកស្រីដឹង ឆាប់បំផុតក៏ខែមីនាឆ្នាំ២០២១ដែរទើបអ្នកគាំទ្រអាចត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានទស្សនាផ្ទាល់ការប្រកួតអាជីពក្នុងប្រទេសអង់គ្លេសជាថ្មី៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕