កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ នៅក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានពាំនាំប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ថាជំរុញឱ្យកីឡាករកីឡាការិនីរបស់យើង ខិតខំហ្វឹកហាត់ ពង្រឹងបន្ថែម នៅតាមក្លិប-សមាគមឱ្យបានជាប់លាប់ ដោយបង្កើតឱ្យមាននូវប្រសិទ្ធភាព និងសមត្ថភាពក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាការ៉ាតេ ដើម្បីដណ្តើមបានលទ្ធផលល្អប្រសើរ សម្រាប់ការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៥ ដូចគ្រាដែលកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែរ។
ជាមួយគ្នាផងដែរ អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាដដែលក៏បាន បញ្ជាក់បន្ថែមថាការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះមានកំណើនការចូលរួមច្រើនជាងឆ្នាំកន្លងៗទៅ បើតាមតួលេខរបស់គណៈកម្មការរៀបចំបានបញ្ជាក់ថា ការប្រកួតនេះមានកីឡាករ ១៣០នាក់ កីឡាការិនី ៩៣នាក់បានចូលរួមព្រមទាំងប្រតិភូកីឡាជាគ្រូបង្វឹក ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសប្រមាណ៩៥នាក់ទៀត។
សូមរំឭកថា ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះក្រុមការ៉ាតេក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយមាស១១ ប្រាក់ ១០ និងសំរឹទ្ធ ៥ ក្លិបការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយមាស៧ ប្រាក់៤ សំរឹទ្ធ១០ តាមពីក្រោយដោយសមាគមក្រសួងមហាផ្ទៃ ដែលបានមេដាយមាស៧ ប្រាក់២ សំរឹទ្ធ៤ ៕