សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបានសម្រេចប្រគល់កៅអីមានខ្នងបង្អែកថ្មីដែលស្របទៅតាមស្តង់ដារអន្តរជាតិ ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយបញ្ចប់ការបំពាក់រួចរាល់ទាំងស្រុង នាដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានឯកឧត្ដម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជម្រាបជូននូវរបាយការណ៍នៃដំណើរការដំឡើងកៅអីនេះថា ត្រូវបានបំពាក់នៅផ្នែកអង្គុយខាងជើង ខាងត្បូង និងខាងកើត សរុប២៥០០០កៅអី ដោយចំណាយថវិកាអស់៤៩៨៧៥០ដុល្លារអាមេរិក។ ចំណែកកៅអីនៅកន្លែងអង្គុយមានដំបូលដែលមានចំនួន៥០០០កៅអីនោះ មិនត្រូវបានបំពាក់ថ្មីទៀតទេ ព្រោះមានខ្នងបង្អែករួចស្រេចហើយ។ ដូច្នេះកៅអីសរុបនៅពហុកីឡដ្ឋានជាតិអូឡាំពិកមានចំនួន៣០០០០កៅអី។ សម្រាប់ការរៀបចំបំពាក់បានចាប់ផ្ដើមពីដើមខែមករា ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤។
ដោយឡែកកៅអីចាស់ដែលគ្មានខ្នងបង្អែកមួយចំនួន សហព័ន្ធគ្រោងបែងចែកជូនក្លឹបសមាគម ដែលជាសមាជិកចំនួន១១។
ជាមួយគ្នានេះ ឯកឧត្ដម ប៉ុន សុខ បានគូសបញ្ជាក់ថា សមិទ្ធផលនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធបំពាក់កៅអីមានខ្នងបង្អែកប្រកបដោយគុណភាពស្របតាមស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាជាច្រើនទៀតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ឈានមុខ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យដល់ស្តង់ដារអន្តរជាតិ។
គួរដឹងដែរថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជាតទល់ក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ៕