កីឡាករ ចាន់ រតនា មើលឃើញថា ការប្រកួតកីឡាគុនចម្រុះ ឬ MMA ហាក់ទទួលបានការគាំទ្រពីស្រទាប់អ្នកទស្សនាកម្ពុជាច្រើនជាងមុន ដូច្នេះព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ អាចនឹងស្រូបទាញបានការគាំទ្រកាន់តែច្រើនថែមទៀត។
ទោះខកខានចូលរួមការប្រកួតគុនចម្រុះនានា ជាពិសេសស្ថាប័ន ONE Championship តាំងពីខែមីនា ឆ្នាំ២០២២ កីឡាករ ចាន់ រតនា អះអាងថា មិនចោទជាបញ្ហាសម្រាប់រូបគេក្នុងការត្រៀមចូលរួមព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា។
កីឡាករកម្ពុជាដែលមានឈ្មោះបោះសម្លេងនៅស្ថាប័ន ONE បញ្ជាក់ថា បានរក្សាការហ្វឹកហាត់ជាប្រចាំដើម្បីរក្សាគុណផល និងកាយសម្បទា ទោះមិនមានការប្រកួតជាប់លាប់ក៏ដោយ។
អ្នកប្រយុទ្ធវ័យ៣៨ឆ្នាំមកពីក្លឹបសិល្បៈក៏បានបង្ហាញអារម្មណ៍រំភើបដែលមានឈ្មោះចូលរួមព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ លើទឹកដីខ្លួនឯង និងប្ដេជ្ញាយកជ័យជម្នះឱ្យបាន។
ចាន់ រតនា បន្ថែមថា ការប្រកួតកីឡាគុនចម្រុះ ឬ MMA ហាក់ទទួលបានការគាំទ្រពីស្រទាប់អ្នកទស្សនាកម្ពុជាច្រើនជាងមុន ដូច្នេះព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ អាចនឹងអាចទាញបានការគាំទ្រកាន់តែច្រើនថែមទៀត។