ធ្លាប់ឆ្លងកាត់គ្រាលំបាកកាលពីនៅក្មេងដែលមិនមានប្រាក់គ្រប់គ្រាន់ទិញសម្ភារៈសិក្សា អតីតយុវជនក្រុមបាល់ទាត់ក្រសួងការពារជាតិ សាំង បញ្ញា រំភើបចិត្តស្ទើរតែក្ដុកក្ដួល ពេលបានឃើញកុមារា កុមារីដែលជាសិស្សសាលាបឋមសិក្សាភ្នំជីសូរ ទទួលបានអំណោយពីក្រុមបាល់ទាត់អេដមីនខេមបូឌា នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
យុវជនមានកំណើតនៅមូលដ្ឋាននេះផ្ទាល់បានរំឭកថា កាលនៅរៀនបឋមសិក្សា ជីវភាពគ្រួសារខ្វះខាតខ្លាំងដែលមិនអាចទប់ទល់លើការចំណាយផ្សេងៗ។ ជាក់ស្ដែង គេត្រូវរកទំពាំង និង ឃ្វាលពពែឱ្យគេដើម្បីបានប្រាក់តិចតួចសន្សំទុកទិញសម្ភារៈរៀនសូត្រ។
សាំង បញ្ញា ធ្លាប់ហ្វឹកហាត់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំក្រសួងការពារជាតិ អំឡុងឆ្នាំ២០១៧-២០១៨ តែមិនបានចូលក្រុមធំ ដោយដកខ្លួនពីកីឡាបាល់ទាត់ និងបានចូលធ្វើការក្នុងក្រុមហ៊ុនឯកជនផ្នែករចនា៕