មានរយៈពេលជាង២០ឆ្នាំហើយដែលឯកឧត្ដម កែរ រដ្ឋា និងលោក ឃួន វិបុល បានជ្រើសរើសការ វាយសីជាសកម្មភាពកីឡាប្រចាំថ្ងៃ ព្រោះជួយដល់សុខភាពផង និងផ្ដល់ភាពសប្បាយរីករាយផង។ មិនតែប៉ុណ្ណោះទេ ក៏អាចបង្កើតចំណងមិត្តភាពក្នុងសង្គមទៀត។
ឯកឧត្ដម កែរ រដ្ឋា ឱ្យដឹងដែរថា ធ្លាប់លេងកីឡាផ្សេងៗទៀតដែរ ដូចជាកីឡាបាល់ទះ និងវាយកូនឃ្លីលើតុ តែវាយសីបានក្លាយជាកីឡាប្រចាំថ្ងៃតែម្ដង ព្រោះងាយស្រួលលេង និងមិនបង្កគ្រោះថ្នាក់ច្រើន។
ឯកឧត្ដម កែរ រដ្ឋា វ័យជាង៦០ឆ្នាំបន្តថា ដោយសារចិត្តស្រលាញ់កីឡាវាយសីហើយ បានជាឯកឧត្ដមលើកទឹកចិត្តកូនៗលេងកីឡាមួយនេះដែរ ដោយមានទាំងអ្នកលេងជាលក្ខណៈសុខភាព និងអ្នកលេងជាអាជីពទៀតផង។ ជាក់ស្ដែង កីឡាការិនី កែរ ពេជ្រឆរ៉ាវី គឺជើងឯកវាយសីថ្នាក់ជាតិច្រើនសម័យកាលទៀតផង។ ចំណែកលោក ឃួន វិបុល វ័យ៥២ឆ្នាំមានប្រសាសន៍ថា កីឡាវាយសីបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនយ៉ាង។
ទាំងឯកឧត្ដម កែរ រដ្ឋា និងលោក ឃួន វិបុល បានអំពាវនាវមហាជនចូលរួមលេងកីឡាមិនថា កីឡាវាយសី ឬកីឡាណាទេ ដើម្បីសុខភាពល្អ៕