ភាគីចិននៅតែបន្តឆន្ទៈទទួលអត្តពលិកកម្ពុជាទៅហ្វឹកហាត់សម្រួចសមត្ថភាព ជាពិសេសត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ក្នុងពិធីបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា ចិន នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។
ក្រៅពីបានរួមចំណែកផ្ដល់នូវជំនួយជាហេដ្ឋារចនាសម្ព័ន្ធនានា រដ្ឋាភិបាលចិនបានព្រមព្រៀងទទួលអត្តពលិកកម្ពុជាជាច្រើនប្រភេទកីឡាទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣ និងព្រឹត្តិការណ៍កីឡាអាស៊ីនាពេលកន្លងមក។
ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា លោកជំទាវ Zhong Jie អគ្គកុងស៊ុលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានបង្ហាញពីគម្រោងបន្តទទួលអត្តពលិកកម្ពុជាទៅហ្វឹកហាត់សម្រាប់ឆ្នាំ២០២៩។
ឯកឧត្ដមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា គម្រោងនេះបានផ្ដល់នូវភាពជោគជ័យតាមរយៈការទទួលបានមេដាយយ៉ាងច្រើនដែលជាសមិទ្ធផលស្ដែងចេញពីចំណែកនៃការប្រឹងប្រែងរបស់អត្តពលិក និងការបង្ហាត់បង្ហាញពីភាគីចិន៕