យុវជន សែម សុខឧស្សហ៍ កីឡាកររបស់ក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីមូលហេតុនៃការផ្លាស់ប្តូរតំណែងលែងរបស់ខ្លួនសម្រាប់រដូវកាលថ្មីពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ថាដោយសារតែគេចង់ឱ្យអ្នកចាំទីដៃទី២របស់សាលាបាននាទីលេង និងមួយវិញទៀតគឺជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផង។
យុវជនមានមូលដ្ឋានក្នុងខណ្ឌដង្កោដដែលបន្តថាការដែលគ្រូប្តូរគេមកលេងជាខ្សែបម្រើនេះសម្រាប់គេផ្ទាល់ក៏ពេញចិត្តដែរ ហើយការមកលេងខាងលើនេះទៀតសោតពីព្រោះគ្រូឃើញថាគេជាកីឡាករដែល មានកម្លាំងខ្លាំងអាចលេងបានពេញតង់សម្រាប់តំណែងចាយកម្លាំងច្រើនមួយនេះ។ សិស្សរៀនថ្នាក់ទី១២ដដែលបន្ថែមទៀតថាតាំងតែពីគ្រូកែតំបន់គេលេងមកគេតែងតែខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែម និងតែងតែបន្សាំខ្លួនជាមួយការប្រកួតក្រៅផ្លូវការផ្សេងៗជាបន្តបន្ទាប់។
ក្រុមវិទ្យាល័យពងទឹកក្នុងការប្រកួតបើកឆាកនៃសប្តាហ៍ទី១នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២ទល់នឹង២ ជាមួយក្រុមវិទ្យាល័យសម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ។ សប្តាហ៍ក្រោយវិទ្យាល័យពងទឹកនឹងត្រូវជួបតទល់នឹងក្រុមចំណូលថ្មីសាលារៀនអន្តរជាតិអាមេរិកកាំងប្រ៊ីជ នៅទីលានវិទ្យាល័យបឹងត្របែក៕