មានដំណឹងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបាល់ទាត់អាស៊ីអាគ្នេយ៍កាលពីចុងសប្ដាហ៍កន្លងទៅ ដោយ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid Jese ត្រូវបានប្រកាសថាចូលរួមក្លឹបយក្សម៉ាឡេស៊ី Johor Darul Ta’Zim(JDT) នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។
ក្លឹបម៉ាឡេស៊ីបានប្រកាសថា៖ “គាត់ធ្លាប់លេងឱ្យក្លឹបធំៗជាច្រើន ហើយចូលរួមការប្រកួតក្នុងលីគធំៗជុំវិញពិភពលោក។ ជាម្ចាស់ជើងឯក Champions League ពីរសម័យ Jese ពេលនេះបានចូលរួម Darul Tazim”។
ត្រលប់ទៅអតីតកាល Jese ធ្លាប់ជាយុវជនរបស់ក្រុម Real Madrid Castilla មុនពេលប្រូម៉ូតមកកាន់ក្រុមធំនាឆ្នាំ២០១១ ដោយលេងជាមួយមិត្តរួមក្រុមដូចជា Cristiano Ronaldo, Sergio Ramos, Karim Benzema និង Iker Casillas ជាដើម។ ឆ្លងកាត់៤រដូវកាលជាមួយក្រុមធំ Real Madrid, កីឡាករអេស្ប៉ាញរូបនេះ រកគ្រាប់បាល់១៨គ្រាប់ ពី៩៤ប្រកួត ជួយពួកគេឈ្នះជើងឯក La Liga រដូវកាល ២០១១-១២ Copa del Rey ២០២៣-១៤ និង UEFA Champions League ពីរលើកក្នុងរដូកាល ២០១៣-១៤ និង ២០១៥-១៦។
ក្រោយចែកផ្លូវគ្នាជាមួយក្លឹបអធិរាជស Jese បានចូលរួមក្លឹបយក្សបារាំង Paris Saint-Germain តែត្រូវបានដាក់ឱ្យក្លឹបដទៃខ្ចីជាបន្ដបន្ទាប់រួមមាន Las Palmas, Real Betis, Stoke City និង Sporting Lisbon។ ក្រោយមកក្នុងឆ្នាំ២០២១ គេបានត្រលប់ទៅអេស្ប៉ាញវិញ ដោយផ្ទេរទៅ Las Palmas បន្ទាប់មកគេបានទៅលេងនៅតួកគី អ៊ីតាលី និងប្រេស៊ីល។