កីឡាករ ជុន កក្កដា បានបញ្ចប់ការប្រកួតបើកឆាកកម្មវិធីដណ្តើមខ្សែក្រវាត់រដូវកាលទី១២របស់ស្ថានីយទូរទស្សន៍បាយ័ន ដោយរបូតបាត់៣ពិន្ទុទៅហើយ ក្រោយចាញ់កីឡាករថៃ។ ប៉ុន្តែយ៉ាងណា ប្រយុទ្ធជំនាន់ថ្មីម្នាក់នេះ ថាលទ្ធផល មិនសមប្រកបនៅជុំដបូងនេះ មិនបានធ្វើឲ្យរូបគេបាក់ទឹកចិត្ត រឺបោះបង់មហិច្ឆតាឡើយ ដោយកីឡាករនៃក្លឹប កងពលតូចដឹកជញ្ជូនលេខ៩០បន្ថែមថាគេនឹងបង្កើនការហ្វឹកហាត់របស់គេគុណទ្វេដងទៀត ពុះពារយ៉ាងណាឱ្យឆ្លងដល់វគ្គខ្ពស់ៗឱ្យបាន ដើម្បីជាការតបស្នងដល់ខាងស្ថានីយ ដែលតែងតែផ្តល់ឱកាសឱ្យរូបគេបានចូលលេងកម្មវិធីខ្សែក្រវាត់បែបៗនេះមកជានិច្ច។
តាមរយៈសិន្និសីទសារព័ត៌មាននៃកម្មវិធីដណ្តើមខ្សែក្រវាត់រដូវកាលទី១២បានបើកទំព័រថ្មីនៃការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់រដូវកាលថ្មីប្រភេទគីឡូ ៦៣,៥ ដោយក្នុងនោះមានសមាសភាពកីឡាករកម្ពុជា៤រូប និងកីឡាករថៃ៤រូប ប្រកួតគ្នាវិលជុំឆ្លងពូល ដើម្បីស្វែងរកជើងខ្លាំងពិន្ទុច្រើនៗតាមពូលនីមួយៗ ឡើងទៅកាន់វគ្គខ្វែង និងបន្តប្រជែងទៅវគ្គផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ផងដែរ សប្តាហ៍ទីមួយកម្មវិធីដណ្តើមខ្សែក្រវាត់រដូវកាលទី១២ ភាគីខាងកីឡាករខ្មែរពីររូបបើកឆាកមកមិនរងបរាជ័យទាំងអស់ ដោយក្នុងនោះ ម៉ាលី អាលី ចាញ់សន្លប់ក្នុងទឹកទី៤ និង ជុន កក្កដា បានចាញ់ពិន្ទុកីឡាករថៃដូចគ្នា។ នៅសប្តាហ៍ក្រោយ កីឡាករខ្មែរពីររូបទៀតនឹងបន្តយុទ្ធនាការស្វែងរកពិន្ទុបន្ត ក្នុងនោះរួមមានកីឡាករ សូត្រ វាសនានិង វេន សុភ័ក្រ៕