អ្នកលេងគុនចម្រុះជើងថ្មី ផេង សុបញ្ញា ឬអ្នកសេ្នហាគុនខ្មែរស្គាល់ថា គោរមៈ ចាន់រាជ ក្រោយប្រមូលផ្តុំហ្វឹកហាត់ និងធ្លាប់ប្រកួតក្នុងប្រភេទកីឡាគុនចម្រុះកាលពីដើមខែកក្កដាកន្លងទៅ បាននិយាយថាសម្រាប់ការចេញទៅប្រកួតវិញ្ញាសានេះនៅប្រទេសហ្វីលីពីនរូបគេមានភាពជឿជាក់ថាអាចដណ្តើមបានមេដាយត្រឡប់មកជូនជាតិមាតុភូមិវិញ។
យុវជនមានឈ្មោះហៅក្រៅថាកុយ បង្ហាញការតាំងចិត្តខ្ពស់បែបនេះដោយសារតែបទពិសោធសល់ពីការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកមុន បានធ្វើឱ្យគេយល់ច្បាស់អំពីច្បាប់ប្រកួត និងមានចំណេះដឹងពីរបៀបវាយពេលប៉ះគូប្រកួតនានា។ គោរមៈ ចាន់រាជ ក្នុងការចេញទៅប្រកួតលើកនេះគេប្រកួតក្នុងវិញ្ញាសា Modem MMA បុរសគីឡូ ៥៦គីឡូក្រាម។
ក្រុមកីឡាករគុនចម្រុះតំណាងប្រទេសកម្ពុជាចំនួន ៥រូបរួមមាន មាស ម៉ើ, ឡុង ឡា, ហាត ភី, ផេង សុបញ្ញា, គន្ធ វណ្ណនីតា, បូ ពេជ្រ ពណ្ណរាយ នឹងចេញទៅចូលរួមប្រកួត AMMA MANILA OPEN 2024 នៅប្រទេសហ្វីលីពីន ចន្លោះ ថ្ងៃទី១៤ ដល់ ១៦ ខែតុលា ឆ្នាំ២០២៤៕