ដោយសារតែការទាមទារប្រាក់ឈ្នួលខ្ពស់ពេក ទើប Ajandro Garnacho មិនអាចផ្លាស់ទៅចូលរួមក្លឹបធំមួយនៅអ៊ីតាលី អំឡុងទីផ្សារខែមករា ខណៈដែលកីឡាករវ័យក្មេងអាហ្សង់ទីន បន្ដនៅ Manchester United ទោះពុំទទួលបាននាទីលេងទៀងទាត់។
យោងតាមប្រធានផ្នែកកីឡារបស់ក្លឹប Napoli លោក Giovanni Manna បានទម្លាយឱ្យដឹងថា Garnacho ជាគោលដៅធំសម្រាប់ក្លឹបរបស់លោក ដើម្បីជំនួសកន្លែងរបស់ Khvicha Khvaratskhelia ដែលបានចាកចេញទៅចូលរួម Paris Saint-Germain កាលពីខែមុន។
លោក Manna បានទម្លាយថាភាគីទាំងសងខាងមិនអាចឈានដល់ការព្រមព្រៀងគ្នា ដោយសារតែ Garnacho ទាមទារប្រាក់ឈ្នួលខ្ពស់ពេក ដែលធ្វើឱ្យក្លឹបអ៊ីតាលី ពិបាកធ្វើទៅរួច។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ថ្នាក់ដឹកនាំរបស់ក្លឹប Napoli រូបនេះនិយាយថា៖ “Garnacho ជាកីឡាករដែលយើងពេញចិត្ត ហើយយើងធ្លាប់ចង់បាន។ យើងបានជួបពិភាក្សាជាមួយ Garnacho មុនពេល Kvara ចាកចេញទៅទៀត។ យើងបានដាក់សំណើទៅ Man United យើងកៀកនឹងយកគេបានទៅហើយ”។
“កីឡាករចង់ចាកចេញពី Premier League ក្នុងខែមករា ព្រោះក្នុងខែកក្កដា នឹងមានការប្រែប្រួល ប៉ុន្ដែយើងពិបាកដោះស្រាយផ្នែកហិរញ្ញវត្ថុនាពេលនេះ”៕