អ្នកចាត់ការ Arsenal លោក Mikel Arteta ត្រូវបានសួរថាតើក្រុមរបស់លោកនៅសល់ក្ដីសង្ឃឹមក្នុងការប្រជែងជើងឯក Premier League រដូវកាលនេះទេ ក្រោយមិនអាចយកបាន៣ពិន្ទុពីការប្រកួតទល់ Manchester United នៅទឹកដី Old Trafford កាលពីថ្ងៃអាទិត្យ ហើយអ្នកចាត់ការក្រុមកាំភ្លើងធំបានឆ្លើយបែបនេះ។
ក្រុមបិសាចក្រហមរកគ្រាប់បាល់នាំមុខក្នុងវគ្គទី១នៃការប្រកួតនោះ តាមរយៈគ្រាប់បាល់ពីការស៊ុតហ្វ្រីឃីគរបស់ខ្សែបម្រើ Bruno Fernandes ប៉ុន្ដែក្រុមភ្ញៀវ Arsenal រកបានគ្រាប់បាល់តាមស្មើដោយខ្សែបម្រើការពារ Declan Rice នៅក្នុងវគ្គទី២ តែក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់បន្ថែមដើម្បីរកអ្នកឈ្នះក្នុងប្រកួតនេះទេ ដោយការប្រកួតបញ្ចប់ក្នុងលទ្ធផល ១-១។
ក្រុមរបស់លោក Arteta នៅសល់មួយប្រកួតក្នុងដៃ ប៉ុន្ដែពួកគេសឹងតែអស់ឱកាសក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេស ដោយសារគម្លាតពីក្រុមកំពូលតារាង Liverpool រំកិលកាន់តែឆ្ងាយ បន្ទាប់ពីក្រុមដឹកនាំដោយលោក Arne Slot ទើបតែយកឈ្នះ Southampton ៣-១ ហើយបច្ចុប្បន្នក្រុមលេខ១ និងលេខ២ មានគម្លាតពីគ្នា ១៥ពិន្ទុ៕